ព័ត៌មានជាតិ

ក្រុមការងារ តាមដានផេក ហ្វេសប៊ុក សម្ដេច ស ខេង បដិសេធ ការចោទប្រកាន់ និងមួលបង្កាច់ មកលើពួកគេ

ភ្នំពេញ ៖ ក្រុមការងារតាមដាន ការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហា ជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបដិសេធ ចំពោះខ្លឹមសារអត្ថាធិប្បាយមួយចំនួន ដែលបានលើកឡើងថា ក្រុមការងារ តាមដានបង្កើតឡើង ដើម្បីភូតកុហកប្រជាជន និងឃុបឃិតបិទបាំងព័ត៌មាន ។

ការបដិសេធ ក្រោយពីបុគ្គលផែង វណ្ណៈ បានលើក ឡើងថា ក្រុមការងារតាមដានមតិ យោបល់ ឬ សំណូមពររបស់មហាជន ក្នុងគេហទំព័រសម្តេចក្រឡា ហោម បង្កើតឡើង ដើម្បីភូតកុហកប្រជាជន និងឃុបឃិតបិទ បាំងព័ត៌មាន។

ក្រុមការងារតាមដាន ការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង បាននិងកំពុងខិតខំប្រមូលបញ្ហាមិនប្រក្រតីមតិ យោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុកសម្តេច និងបានផ្តើមយោបល់ស្នើសុំការ សម្រេចពីសម្តេចដាក់ជូនអគ្គ នាយកដ្ឋានជំនាញពាក់ព័ន្ធ ចំណុះក្រសួងធ្វើការ ស្រាវជ្រាវ ប្រមូលព័ត៌មាន និងធ្វើការដោះស្រាយ ឆ្លើយតបបញ្ហាទាំងនោះបានមួយចំនួនធំ ពិសេស ពាក់ព័ន្ធការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព សំដៅចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម។

យោងតាមសេចក្ដីបំភ្លឺ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រុមការងារយើងខ្ញុំ សូមធ្វើការបដិសេធ ចំពោះខ្លឹមសារអត្ថាធិប្បាយផ្សាយផ្ទាល់ លើគេហទំព័រហ្វេសប៊ុក របស់លោក ផែង វណ្ណៈ នាយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបានលើកឡើងថា ក្រុមការងារតាមដានមតិ យោបល់ ឬសំណូមពរ របស់មហាជន ក្នុងគេហទំព័រ របស់សម្តេចក្រឡាហោម បង្កើតឡើងដើម្បីភូតកុហក ប្រជាជន និងឃុបឃិតបិទ បាំងព័ត៌មាន។ យើងខ្ញុំសូមចាត់ទុកថាជាការអត្ថាធិ ប្បាយ ខ្វះមូលដ្ឋាន ស៊ើបបញ្ជាក់ច្បាស់លាស់ ។ ពាក់ព័ន្ធនឹងករណី លោកតា អ៉ិន ឆេង នេះ អង្គភាពមានសមត្ថកិច្ច ចំណុះក្រសួងមហាផ្ទៃ បានចាត់ចែងតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំក្រសួង ទៅតាមនីតិវិធីជាធរមាន»។

ក្រុមការងារក៏បានអំពាវនាវ ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គម Facebook កុំធ្វើការសន្និដ្ឋានវាយតម្លៃ រឿងហេតុដោយពុំមានការស៊ើបបញ្ជាក់ រកមូលដ្ឋានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋាន វាយតម្លៃនោះ ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋ។

ម៉្យាងវិញទៀត មានតែអាជ្ញាធរមូលដ្ឋាន ស្ថាប័នតុលាការ ស្ថាប័នអនុវត្តច្បាប់ ស្ថាប័នរដ្ឋតាមវិស័យប៉ុណ្ណោះដែលមាននីតិសម្បទាដោះស្រាយបញ្ហាវិវាទផ្សេងៗតាមភារកិច្ចដែលច្បាប់ និងគតិយុត្តបានកំណត់។

ក្រុមការងារ ក៏ថ្លែងអំណរគុណ ចំពោះការចូលរួមផ្តល់មតិ យោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រ សម្តេច ស ខេង ហើយក្រុមការងារ នឹងខិតខំតាមដានជំរុញ អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយតាមដែនសមត្ថកិច្ច របស់ខ្លួនស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តដែលបានកំណត់។

សូមបញ្ជាក់ថា ក្រុមការងារតាមដានការ ដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពរ របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ទទួលបានការ លើកសរសើរពីថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ។ ពាក់ព័ន្ធជាមួយបញ្ហាវិវាទដីធ្លី គឺជាបញ្ហាមួយស្មុគស្មាញ ដែលត្រូវធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន និងវត្ថុតាងជាឯកសារ គតិយុត្តពាក់ព័ន្ធ ពិសេសត្រូវដោះស្រាយដោយប្រើប្រាស់បទដ្ឋានច្បាប់ និងបទដ្ឋានក្រោមច្បាប់ (ដោះស្រាយកម្រិតអាជ្ញាធរមូលដ្ឋាន ឬស្ថាប័នតុលាការ) ៕

To Top