កណ្ដាល ៖ តាមការណែនាំលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកខ្សាច់កណ្ដាល បានដឹកនាំមន្រ្តីចុះសម្អាតបរិស្ថានតាមស្តង់ដាអនាម័យ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល មុនពេល បើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២។
សូមជម្រាបថា ការដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន ក្នុងគោលបំណង ដើម្បីការពារ និងថែរ ក្សាសុខភាពជូនដល់ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជា ត្រៀមចូលរៀននៅថ្ងៃទី៧ កញ្ញា ស្អែកនេះ ពិសេស ធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលដាក់ឲ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការនេះឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមរំលឹកថា យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។
ជាងនេះទៅទៀត គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញ ដំណាក់កាលទី២ នាថ្ងៃទី៧ កញ្ញា ។ ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ៕
ដោយ ៖ អេង ប៊ូឆេង






