ភ្នំពេញ៖ បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Goldprice.org បានចុះផ្សាយថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅតែបន្តកើនឡើងឥតឈប់ឈរក្នុងអត្រាខ្ពស់ដដែល ដោយមានកត្តារួមផ្សំជាច្រើននៅជុំវិញពិភពលោក ដែលរុញច្រានតម្លៃមាសអោយកើនឡើងខ្ពស់បែបនេះ ។
កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងរហូតដល់០.៥៥ដុល្លារអាមេរិក ស្មើនឹងអត្រាកំណើន ០.០៣%ក្នុងមួយអោន (Per Ounce) ទម្ងន់៨ជី ៣ហ៊ុន ដែលជាកំណើនតម្លៃខ្ពស់ ។
គិតត្រឹមថ្ងៃអាទិត្យដដែល អត្រាកំណើនតម្លៃមាស០.០៣% គឺស្មើនឹងតម្លៃ១៩៣៣.៥២ដុល្លារ អាមេរិកក្នុងមួយអោន ទម្ងន់៨ជី ៣ហ៊ុន ដែលជាតម្លៃខ្ពស់ មិនធ្លាប់មាន ហើយតម្លៃមាសអាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ។
Goldprice.org បានដកស្រង់សម្តីរបស់ក្រុមអ្នកជំនាញផ្នែកទីផ្សារមាសអំពីកត្តារួមផ្សំ ដែលនាំអោយតម្លៃមាសកើនឡើងមានដូចជា វិបត្តិវីរុសCovid-19, វិបត្តិសេដ្ឋកិច្ច, វិបត្តិអត់ការងារធ្វើ, វិបត្តិប្រាក់ដុល្លារអាមេរិកចុះថោក និងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។
កត្តាទី១វិបត្តិវីរុសCovid-19៖ ការឆ្លងរាលដាលវីរុស Covid-19 បានធ្វើអោយតម្លៃមាសកើនឡើង គឺដោយសារមនុស្សនៅលើពិភពលោក កំពុងបង្ហាញក្តីព្រួយ បារម្ភពីសុវត្ថិភាពសុខភាពរបស់ខ្លួន ដោយសារការឆ្លងរាលដាលវីរុសនេះនៅក្នុងប្រទេសរបស់ខ្លួន ។
គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកញ្ញានេះ ចំនួនមនុស្សឆ្លងវីរុស Covid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង២៧លាននាក់ និងមនុស្សស្លាប់សរុប ដោយសារវីរុសនេះ បានកើនឡើងដល់ជាង៨៨ម៉ឺន ៤ពាន់នាក់ ។
ក្រុមអ្នកជំនាញផ្នែកទីផ្សារមាស បានប៉ាន់ប្រមាណថា កំណើននៃការឆ្លងរាលដាលវីរុសCovid-19 កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ ទីផ្សារទីលក់ទំនិញស្ទើរគ្រប់ប្រភេទ និងបង្កអោយមានអស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារអន្តរជាតិ ។
ការឆ្លងរាលដាលវីរុស Covid-19 បានធ្វើអោយតម្លៃទំនិញស្ទើរគ្រប់ប្រភេទនៅ លើទីផ្សារអន្តរជាតិមិនមានភាពប្រាកដប្រជា មានតម្លៃប្រេងឥន្ធនៈ តម្លៃគ្រឿងអេឡិចត្រូនិក តម្លៃផលិតផលកសិកម្ម រួមទាំងតម្លៃទំនិញពាក់ព័ន្ធនឹងស្បៀងអាហារ ។
កត្តាទី២វិបត្តិសេដ្ឋកិច្ច៖ វិបត្តិសេដ្ឋកិច្ចក៏ជាកត្តារួមផ្សំធ្វើអោយតម្លៃមាសកើនឡើងដែរ ដោយកំណើនសេដ្ឋកិច្ច បានចាប់ផ្តើមធ្លាក់ចុះ ធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនលើពិភពលោក និងនាំអោយកំណើនសេដ្ឋកិច្ចពិបាកនឹងងើបឡើងវិញបាន ។
ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយការឆ្លងរាលដាលវីរុសCovid-19 ដែលធ្វើកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះរហូតដល់៣១.៧%ក្រោមសូន្យកាលពីត្រីមាសទី២ឆ្នាំនេះ ។
កំណើនសេដ្ឋកិច្ចអាមេរិក ដែលបានធ្លាក់ចុះរហូតដល់៣១.៧%ក្រោមសូន្យកាលពីត្រីមាសទី២ គឺជាការធ្លាក់ចុះលើកំណើនសេដ្ឋកិច្ច ដែលបានធ្លាក់ចុះ ស្រាប់ក្នុងអត្រា៥% ក្រោមសូន្យ កាលពីត្រីមាសទី១ ដែលនាំអោយប៉ះពាល់ខ្លាំងបំផុតដល់ប្រជាពលរដ្ឋ ។
នៅប៉ែកអឺរ៉ុបវិញ គណៈកម្មការអឺរ៉ុបបានប្រកាសថា តំបន់ចាយប្រាក់អឺរ៉ូមួយនេះមានដំណើរសេដ្ឋកិច្ចដើរថយក្រោយខ្លាំងជាងការគ្រោងទុកនៅឆ្នាំ២០២០នេះ ហើយនៅឆ្នាំ២០២១ខាងមុខ តំបន់អឺរ៉ុបនឹងមានសន្ទុះសេដ្ឋកិច្ចឡើងវិញតែខ្សោយជាងការរំពឹងទុក ។
ផលវិបាកដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះនេះ នាំអោតអ្នកវិនិយោគនានាបាននាំគ្នាងាកទៅរកទិញលោហៈមាសដ៏មានតម្លៃទុកបម្រុង ដើម្បីការពារខ្លួន ពីទីផ្សារដ៏រង្គោះ រង្គើនៅក្នុងតំបន់ និងទីផ្សារនៅជុំវិញពិភពលោក ។
ក្រុមប្រឹក្សាមាសពិភពលោកបានអោយដឹងថា គ្រាន់តែនៅខែមិថុនា ឆ្នាំ២០២០នេះ មិនដល់មួយខែផង មូលនិធិវិនិយោគបានប្រមូល ទិញមាសរហូត ដល់១០៤តោនបន្ថែម ក្នុងតម្លៃទឹកប្រាក់រហូតដល់ដល់ទៅ៦ពាន់លានដុល្លារអាមេរិក ។
មូលនិធិមាសបានបំពេញស្តុកមាសច្រើនដូចសម័យមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩ យ៉ាងដូច្នោះដែរ ហើយនៅធនាគារកណ្តាលពិភពលោកវិញ ប្រទេសទួរគីដែលកំពុងឆ្លង កាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បានប្រមូលទិញមាសចំនួនដល់ទៅ២៨តោន កាលពីខែឧសភា ដើម្បីបានក្លាយជាប្រទេស១០ ដំបូងគេនៅលើពិភពលោកដែលមាន ប្រាក់បំរុងជាមាសច្រើនជាងគេរហូតដល់ ទម្ងន់ជាង៦៦២តោន ។
កត្តាទី៣ការអត់ការងារធ្វើ៖ ការអត់ការងារធ្វើនៅលើពិភពលោក ក៏ជាកត្តារួមផ្សំនាំអោយតម្លៃមាសកើនឡើងដែរ ដែលនៅអាមេរិក នៅតំបន់អឺរ៉ុប តំបន់អាមេរិកឡាទិន តំបន់អាហ្វ្រិក និងតំបន់អាស៊ី សុទ្ធតែមានកំណើនអ្នកអត់ការងារធ្វើច្រើន ។
កំណើនអ្នកអត់ការងារធ្វើកើនឡើង គឺដោយសាររដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ ខាងលើ បានដាក់ចេញវិធានការបិទសេដ្ឋកិច្ច និងបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលធ្វើអោយប៉ះពាល់ដល់ការងាររបស់ប្រជាពលរដ្ឋ ។
កាលពីត្រីមាសទី២ នៃឆ្នាំ២០២០នេះ កំណើនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើង១១.១% ស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង ១៦.៣លាននាក់ ហើយសហភាពអឺរ៉ុប តំបន់អាមេរិកឡាទីន និងតំបន់អាស៊ី ក៏មានកំណើនអ្នកអត់ការងារធ្វើកើនឡើងយ៉ាងគំហុកផងដែរ ។
កត្តាទី៤ប្រាក់ដុល្លារអាមេរិកចុះថោក៖ ប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ ក៏ជាកត្តាមួយដែលនាំអោយកល់តម្លៃមាសនៅលើទីផ្សារអន្តរជាតិដែរ ហើយដោយហេតុតែកំណើនអ្នកឆ្លងកូវីដ១៩ ប្រាក់ដុល្លារអាមេរិកបានចុះថ្លៃច្រើន បើប្រៀបទៅនឹងរូបិបណ្ណផ្សេងទៀត ។
វិធានការដ៏ធំធេងរបស់ធនាគារកណ្តាលអាមេរិក Fred ទិញប្រាក់កម្ចីរដ្ឋនិងបំណុលក្រុមហ៊ុន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិពីវិបត្តិកូវីដ១៩ ក៏បានចូលរួមមួយចំណែកទៀតធ្វើឱ្យប្រាក់ដុល្លារចុះថ្លៃ ហើយភាពមិនចុះសម្រុងគ្នារវាងសេតវិមាននិង សភាលើផែនការស្រោចស្រង់សេដ្ឋកិច្ច ទាញបញ្ចុះ ប្រាក់ដុល្លារមួយជាន់ទៀត ។
កត្តាទី៥សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ៖ កត្តាចុងក្រោយ គឺភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការទូតរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ជាកត្តារុញច្រានតម្លៃមាសនៅលើទីផ្សារអន្តរជាតិអោយកើនឡើងខ្ពស់ដែរ ដែលជាបន្ទុកធ្លាក់សង្កត់លើទីផ្សារភាគហ៊ុនខ្លាំងណាស់ ។
អ្នកវិនិយោគពិតជាព្រួយបារម្ភជាង ពេលណាទាំងអស់អំពីការធ្លាក់ចុះ និងថមថយនៃសកម្មភាពផ្តោះប្តូរពាណិជ្ជកម្ម ហើយជាលទ្ធផលអ្នកវិនិយោគ ត្រូវងាកជាថ្មីទៅរកមាស ដែលផ្តល់ចំណេញច្រើន និងជាការវិនិយោគដ៏ប្រកបដោយសុវត្ថិភាពបំផុត ដែលបើយោងតាមបរិបទបច្ចុប្បន្ននេះ អ្នកវិភាគជាច្រើនបានមើលឃើញថា មាសនឹងបន្តឡើងថ្លៃថែមទៀតនៅពេលខាងមុខ ៕
ដោយ៖ អ៊ី ជិន