Covid-19

សម្ដេចតេជោ អំពាវនាវគ្រូបង្រៀន និងសិស្ស ត្រូវប្រកាន់ភ្ជាប់អនាម័យជានិច្ច ជៀសវាងឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងដំណាក់កាលទី២ នៃការបើកសាលារៀនឡើងវិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការ ការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ថា “ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្ត វិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ទាំងអស់គ្នា”។

សម្ដេចតេជោ បន្ដថា ជាពិសេសបន្តបង្ហាត់បង្រៀន សិស្សឲ្យឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាសឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ បានថ្លែងថា “សូមថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល”។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សា ប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម ៕

ដោយ៖ អេង ប៊ូឆេង

To Top