ព័ត៌មានជាតិ

សៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដើម្បីបង្កើនចំណូលជូនពលរដ្ឋ

ភ្នំពេញ៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប ត្រូវតែជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាព មកកម្សាន្ដ ដែលអាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ច ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជាសកល លើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិបភណ្ឌវប្ប ធម៌ និងបរិស្ថានធម្មជាតិ ដោយផ្ដល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។

គណៈកម្មាធិការជាតិ បានបញ្ជាក់ថា ខេត្តសៀមរាប ធានាឲ្យបាននូវផលប្រយោជន៍ សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្ដ្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជា គោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋ កិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ លើកឡើងថា «ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ដ ម្ដងហើយម្ដងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយបរិយាប័ន្ន»។

ប្រភពដដែល លើកឡើងថា តាមការព្យាករណ៍ ក្នុងឆ្នាំ២០៣៥ ទេសចរណ៍អន្ដរជាតិនាំមកនូវចំណូល ចំណូលចំនួន៤.៧៦៥លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១.២៨០លានដុល្លារ។

សូមជម្រាបថា កាលពីថ្ងៃទី៧ កញ្ញា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងភាក្សាលើ សេចក្ដីព្រាងស្ដីពី «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» ដោយមានចូលរួម លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ អន្ដរក្រសួង សិក្សារៀបចំផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប លោក ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន។

សូមរំលឹកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី៤ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវ នៅក្នុងទីរួមខេត្តសៀមរាប។ ទោះបីកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ ការអភិវឌ្ឍប្រទេសជាតិឡើយ ៕

ដោយ ៖ អេង ប៊ូឆេង

To Top