ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្តិ លើកទឹកចិត្ត ឲ្យភាគីពាក់ព័ន្ធសហការគ្នា ពង្រឹងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ ផលិតផលកសិ-ពាណិជ្ជកម្ម ដំឡូងមី

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នា ពង្រឹង ការអភិវឌ្ឍខ្សែច្រវ៉ាក់ តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដំឡូងមី ដើម្បីចូលរួមចំណែក ធ្វើឲ្យផលិតផលនេះ មានការកើនឡើងទាំងបរិមាណ និងគុណភាព។

ក្នុងពិធីសំណេះសំណាល ជាមួយសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ បានថ្លឺងថា ដើម្បីរក្សាបានចីរភាពបរិមាណផលិតកម្ម និងបង្កើនបរិមាណនៃការនាំចេញ ភាគីទាំងអស់ ត្រូវសហការ និងរួបរួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឡើង នៅក្នុងខ្សែច្រវ៉ាក់តម្លៃ ផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី។ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ផលិតផលកសិ-ពាណិជ្ជកម្ម នេះឲ្យកាន់តែមានភាពរីកចម្រើន ជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូល ជូនដល់ប្រជាកសិករផលិត និងតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងខ្សែច្រវ៉ាក់តម្លៃនេះ ប្រកបដោយសមភាព សមធម៌ និរន្តរភាព និងរួមចំណែកជួយកាត់បន្ថយការ ធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។

លោកបន្តថា “ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ ភាគីពាក់ព័ន្ធទាំងអស់សហការគ្នា ក្នុងការពង្រឹងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដំឡូងមី នឹងជួយរួមចំណែកធ្វើអោយផលិតផលនេះ មានការកើនឡើងទាំងបរិមាណ និងគុណភាព នៅក្នុងទីផ្សារនាំចេញ មួយកម្រិតទៀត”។

លោករដ្ឋមន្រ្តីបញ្ជាក់ថា សមាគមនាំចេញ ជាតួអង្គសំខាន់មួយក្នុង ចំណោមតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងខ្សែច្រវ៉ាក់តម្លៃ ផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី និងជាឪពុក ជាម្តាយរបស់អាជីវករ ផលិតករ ម្ចាស់ឃ្លាំងសម្ងួត រោងចក្រ/សិប្បកម្មកែច្នៃ នៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី ទាំងមូលផងដែរ។

លោកបន្ថែមថា ហេតុនេះត្រូវមានការសាមគ្គីគ្នា ជាធ្លុងមួយ ក្នុងការកសាងសមាគម ឱ្យមានភាពរីកចម្រើន និងបែងចែកភោគផល ប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងប្រកៀកស្មាគ្នាដោះស្រាយ បញ្ហាគ្រប់រូបភាព។ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ លើបរិមាណ និងគុណភាពផលិតផល ក្នុងសមាគមឱ្យបានហ្មត់ចត់ ព្រោះវាដើរតួនាទីសំខាន់ណាស់ សម្រាប់ធ្វើការប្រកួតប្រជែង ជាយុទ្ធសាស្ត្ររយៈពេលខ្លី និងវែងរបស់សមាគមនីមួយៗ។

លើសពីនេះទៀតលោក ក៏បានណែនាំឲ្យ សមាគមនាំចេញ ឲ្យធ្វើការទំនាក់ទំនង ជាមួយនឹងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីឱ្យប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តគោរពជម្រាបជូនដំណឹង ទៅអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសអភិបាលរង ដែលទទួលបន្ទុកផែនពាណិជ្ជកម្ម ដើម្បីដោះស្រាយនូវរាល់ បញ្ហាកកស្ទះផលិតផលដំឡូងមី តាមរយៈការចចារកវិធីសាស្រ្ត និងយន្តការដោះស្រាយបន្ទាន់ៗ ជាមួយនឹងភាគីថៃ ដើម្បីសម្របសម្រួល ឱ្យមានចរាចរផលិតផល បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ធី លីថូ

To Top