ព័ត៌មានជាតិ

វិភាគ: ពលរដ្ឋហុងកុងចេញធ្វើបាតុកម្ម ប្រឆាំងការពន្យារពេលបោះឆ្នោត តែត្រូវប៉ូលិសចាប់ខ្លួន 

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ The Wall Street Journal បានចុះផ្សាយថា ប្រជាពលរដ្ឋ នៅទីក្រុងហុងកុងរាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីប្រឆាំង នឹងការពន្យារពេលបោះឆ្នោត នៅក្នុងទីក្រុងនេះ ។

តាមធម្មតា ទីក្រុងនេះត្រូវរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី៦ ខែកញ្ញា ប៉ុន្តែការបោះឆ្នោតនេះ ត្រូវបានពន្យាពេលទៅវិញ ក្នុងរយៈពេលប្រហែលមួយឆ្នាំ ដោយសារក្តីបារម្ភ ពីការឆ្លងរាលដាលវីរុសCovid19 ដែលចេះតែបន្តកើនឡើង ។ ប្រធានប្រតិបត្តិនៅទីក្រុងហុងកុង (Chief Executive of Hong Kong) មានអាណត្តិ៥ឆ្នាំ និងត្រូវផ្លាស់ប្តូរទៅតាមលទ្ធផល នៃការបោះឆ្នោត ដែលនៅពេលបច្ចុប្បន្ននេះ លោកស្រី ខារី ឡាំ (Carrie Lam) ជាអ្នកគ្រប់គ្រងតំណែងនេះ ។

សូមបញ្ជាក់ជូនថា លោកស្រី ខារី ឡាំ អាយុ៦៣ឆ្នាំ បានកាន់តំណែង គឺជាប្រធានប្រតិបត្តិនៅទីក្រុងហុងកុង ចាប់តាំងពីឆ្នាំ២០១៧កន្លងមក ប៉ុន្តែប្រធានប្រតិបតិ្តរូបនេះ ត្រូវបានទទួលរងការចោទប្រកាន់ ពីពលរដ្ឋហុងកុងពីបទលំអៀង ទៅរករដ្ឋាភិបាលចិនដីគោក ។
ក្រុមប្រជាបាតុករ ដែលបានចេញធ្វើបាតុកម្ម ប្រឆាំងនឹងការពន្យារពេលបោះឆ្នោត បាននិយាយថា ពួកគេមិនមានការព្រួយបារម្ភ ពីការឆ្លងវីរុសCovid-19នោះទេ ប៉ុន្តែពួកគេព្រួយបារម្ភ ពីការបាត់បង់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងនេះ ។ កងកម្លាំងប៉ូលិស បានចាប់ខ្លួនក្រុមបាតុករ ចំនួន២៨៩នាក់ ដោយចោទប្រកាន់ពីបទធ្វើបាតុកម្ម ដោយមិនមានការអនុញ្ញាត ការរំលោភបំពាន លើបទបញ្ជាក្នុងការទប់ស្កាត់ ការឆ្លងរាលដាលវីរុសCovid-19 និងការរំលោភលើច្បាប់សន្តិសុខជាតិ ។

សូមរំលឹកជូនថា លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិន បានចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិថ្មី និងបានដាក់ច្បាប់នេះ អោយចូលជាធរសម្រាប់ប្រជាពលរដ្ឋ នៅទីក្រុងហុងកុងអនុវត្ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ។ ច្បាប់សន្តិសុខជាតិថ្មី ត្រូវបានចែង៤ចំណុចសំខាន់ ទី១ ការប្រយុទ្ធប្រឆាំងនឹងចលនាបះបោរ ឬសកម្មភាពអបគមន៍ ទី២ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ទី៣ ការបង្ក្រាបសកម្មភាពវិទ្ធង្សនា និងទី៤ការបង្ក្រាប លើសកម្មភាពឃុបឃិត ជាមួយកម្លាំងបរទេសណាមួយ ក្នុងគោលដៅបង្កអសន្តិសុខ នៅក្នុងទីក្រុងនេះ ។ ចាប់ពីថ្ងៃចូលជាធរមានទៅ ប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយ ហ៊ានបំពានលើខ្លឹមសារទាំង៤ចំណុច ក្នុងច្បាប់សន្តិសុខជាតិថ្មីនេះ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ ក៏ជាប់ពន្ធនាគាររយៈ៣ឆ្នាំដែរ ប្រសិនបើក្រុមអាជ្ញាធរទីក្រុងហុងកុង រកឃើញថា បុគ្គលនោះ ឬក្រុមនោះ ពិតជាបានរំលោភច្បាប់សន្តិសុខជាតិនេះមែន ។ ស្របពេល ដែលច្បាប់សន្តិសុខជាតិថ្មីនេះចូលជាធរមាន រដ្ឋាភិបាលចិន ក៏បានបង្កើតអោយមានអង្គភាពពិសេសមួយ ស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ ពីទីក្រុងប៉េកាំង ដើម្បីតាមដាន ស៊ើបអង្កេត និងឃ្លាំមើលគ្រប់សកម្មភាពទាំងអស់ នៃការគោរពច្បាប់នេះ ពីសំណាក់មេដឹកនាំ និងប្រជាពលរដ្ឋនៅទីក្រុងហុងកុង ហើយប្រសិនបើមាន ករណីល្មើសណាមួយ អង្គភាពនេះ នឹងចាត់វិធានការជាបន្ទាន់ ។

ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតរឿង គឺដោយសារកាលពីឆ្នាំ២០១១កន្លងទៅ ក្រុមយុវជននៅទីក្រុងហុងកុង បានបង្កើតគណបក្សថ្មីមួយឈ្មោះថា គណបក្សអំណាចប្រជាជន (People Power Party) ដែលលំអៀងទៅរកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។ ក្រុមសកម្មជនរបស់ គណបក្សនេះ តែងតែចេញធ្វើបាតុកម្ម ប្រឆាំងនឹងសេចក្តីសម្រេចនានារបស់ទីក្រុងនេះ និងរបស់ចិនដីគោក ដោយមានអ្នកគាំទ្រ កាន់តែច្រើនរហូតដល់ចុងឆ្នាំ២០១៩កន្លងទៅ ដែលធ្វើអោយវឹកវរក្នុងទីក្រុងនេះ ។ គណបក្សអំណាចប្រជាជន តែងតែយកយកសេរីភាព និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេស ក្នុងការប្រមូលប្រជាពលរដ្ឋ អោយចេញទៅធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងប្រមុខដឹកនាំរបស់ទីក្រុងនេះផ្ទាល់ ។

លោក Gordon Lam សកម្មជនគាំទ្រប្រជាធិបតេយ្យ នៅទីក្រុងហុងកុង បាននិយាយថា ច្បាប់សន្តិសុខជាតិថ្មីរបស់រដ្ឋាភិបាលចិន ហាក់ដូចជាចូលទៅកាច់បំបាក់ឆ្អឹងខ្នង របស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ និងជាដំបងវាយសំពងឥតឈប់ឈរ នូវការបញ្ចេញមតិយោបល់ ឬសំណេរ តាមប្រព័ន្ធបណ្តាញសង្គម ដែលធ្វើអោយចលនាប្រជាធិបតេយ្យ នៅទីក្រុងនេះ ធ្លាក់ចុះទន់ខ្សោយជាលំដាប់ និងអាចរលាយសាបសូន្យ នៅពេលខាងមុខ ៕
ដោយ៖ អ៊ី ជិន

To Top