ព័ត៌មានជាតិ

ក្រសួងសាធារណការ រិះរកគ្រប់មធ្យោបាយ និងយន្តការនានា ដើម្បីផ្ដល់សេវា សាធារណៈ ជូនពលរដ្ឋ ឲ្យបានលឿន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងបានរិះរកគ្រប់ មធ្យោបាយ និងយន្តការនានា ដើម្បី ផ្ដល់សេវាសាធារណៈចាំបាច់ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

ក្នុងពិធីសំណេះសំណាល ជាមួយ នាយទាហាន នាយទាហានរងកង រាជអាវុធហត្ថ និងបាននាំយក សម្ភារបរិក្ខារគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ក្រសួងបានរិះរកគ្រប់មធ្យោបាយ និងយន្តការនានាដើម្បី ផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឲ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាពតាមរយៈការ អភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការតភ្ជាប់ប្រព័ន្ធរវាងគ្នា បង្កលក្ខណៈងាយស្រួលដល់ការផ្ដល់សេវាសាធារណៈ»។

លោកបន្ដថា ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ក្រសួងបានតភ្ជាប់ សេវាឆៀកចល័ត មណ្ឌលប្ដូរនិងពន្យារបណ្ណ បើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ជាដើម ព្រមទាំងបានបំពាក់កាមេរ៉ា ឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាទំនើបដើម្បីចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពចាំ បាច់នៃការធ្វើទំនើបកម្មហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងស្ពានឱ្យបានលឿនបំផុត ដើម្បីដោះស្រាយកំណើនយានយន្តយ៉ាង លឿនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ភូមិសាស្ត្រ អំណោយផល មានសម្បត្តិវប្បធម៌អរិយធម៌អច្ឆរិយៈ ដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជាតិ អន្តរជាតិច្រើនលើសពីការរំពឹងទុក និងចំណូលប្រជាពលរដ្ឋកើនឡើង មានទីផ្សារលក់ផលិតផល ជាពិសេស កម្ពុជាជាប្រទេសងាយស្រួល ក្នុងការធ្វើជំនួញក្នុងតំបន់ក្រោមផែនការមេតភ្ជាប់អាស៊ាន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពី គម្រោងបំពាក់ប្រព័ន្ធជញ្ជីងឆ្លាតវៃ បង្កប់នៅក្រោមដីដើម្បី ទប់ស្កាត់ការដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ ការសិក្សាគម្រោងអភិវឌ្ឍ កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ កិច្ចព្រមព្រៀងក្របខណ្ឌនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គម្រោងលើកកម្ពស់កម្រិតគុណភាព ផ្លូវទាំង៣៨ខ្សែក្នុងខេត្ត សៀមរាប ដែលទទួលបានការអនុម័ត ពីរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។

លោកបន្ដថា គម្រោងសាងសង់ផ្លូវរថភ្លើងក្រោម ដីនៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ រួមជាមួយនឹងការបង់ពន្ធប្រថាប់ត្រានៅទីតាំងតែមួយ សំដៅកាត់បន្ថយភាពស្មុគស្មាញ ដល់ប្រជាពលរដ្ឋ និងគម្រោងផ្សេងៗ ជាច្រើនទៀត៕

To Top