ព័ត៌មានជាតិ

មន្រ្តី ប្រាប់ពី កាតព្វកិច្ច របស់វិស័យឯកជន ក្នុងការប្រឆាំង ហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ បានបង្ហាញប្រាប់បណ្តាពាណិជ្ជករ និងធុរជននៅកម្ពុជា ឱ្យយល់ដឹងពី កាតព្វកិច្ចរបស់វិស័យឯកជន ក្នុងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងលោក ងី ច័ន្ត្រផល រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីភាពបើកសិក្ខាសាលា ស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្ម ជូនដល់វិស័យឯកជនដែលមានការចូលរួមពី សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EUROCHAM) សមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អ្នកតំណាងស្របច្បាប់ និងសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ប្រមាណ ១៥៥ នាក់។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកពីគោលបំណងនៃការផ្សព្វផ្សាយនេះឡើង គឺដើម្បីបង្កើនការយល់ដឹង ជូនដល់វិស័យឯកជន ដើម្បីធានា និងចៀសវៀងពីសកម្មភាព ឬការចូលរួមដោយផ្ទាល់ ឬដោយប្រយោល លើការផ្តល់ បង្វែរ និង/ឬ ទទួលហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលអាចនាំឲ្យក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់នានា ជាពិសេសដល់ផ្នែកហិរញ្ញវត្ថុ និងការវិនិយោគរបស់ក្រុមហ៊ុន ឬទណ្ឌកម្មនានាដូចមានកំណត់ក្នុងច្បាប់។ ដូចនេះដើម្បីការពារ ដល់ផលប្រយោជន៍ក្រុមហ៊ុន និងជៀសវាងផលប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិទាំងមូល ឯកឧត្តមស្នើសុំឲ្យក្រុមហ៊ុន សហគ្រាស ត្រូវចូលរួមអនុវត្តច្បាប់នេះ និងធ្វើការផ្សព្វផ្សាយបន្តបន្ថែមទៀត។

លោក ងី ច័ន្ត្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមអំពីលក្ខខណ្ឌ ក្នុងការដកកម្ពុជាចេញអំពីបញ្ជីប្រផេះរបស់FATF ហើយការរៀបចំនូវច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតដើម្បីឲ្យកម្ពុជារួចផុតពីបញ្ជីនេះ។

លោក សូមលើកទឹកចិត្ត លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ ឬតំណាងក្រុមហ៊ុន និងសហគ្រាសឯកជនទាំងអស់ ដែលមានវត្តមាន ក្នុងសិក្ខាសាលានេះ មេត្តាត្រងត្រាប់ស្តាប់ការបកស្រាយខ្លឹមសារនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ខ្លឹមសារនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ច របស់វិស័យឯកជន ក្នុងការអនុវត្តច្បាប់នេះ៕

To Top