ព័ត៌មានជាតិ

ក្រសួងអប់រំ សហការជាមួយ UNESCO-ICHEI ជំរុញធ្វើកំណែទម្រង់ អប់រំ បែបឌីជីថល កម្រិតឧត្ដមសិក្សា

ភ្នំពេញ ៖ ក្រសួង អប់រំយុវជន និងកីឡា និង មជ្ឈមណ្ឌលអន្តរជាតិ យូនីស្កូ ដើម្បីភាពច្នៃប្រឌិត ការអប់រំ កម្រិតឧត្ដមសិក្សា ប្រចាំទីក្រុង Shenzhen ( UNESCO-ICHEI) បាន សហការគ្នា ដើម្បីលើកកម្ពស់ ការអប់រំ កម្រិត ឧត្ដមសិក្សា នៅកម្ពុជា។

កាលពីចុងខែសីហា ឆ្នាំ២០២០ ភាគីទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ជាផ្លូវការ ដើម្បីធ្វើកិច្ចសហការ ក្នុងការធ្វើកំណែទម្រង់ ការអប់រំ បែបឌីជីថល កម្រិត ឧត្ដមសិក្សា ដើម្បីឈាន ទៅចំណុច មួយកាន់ តែប្រសើរ ជាងមុន។

យោងតាមខ្លឹមសារ អនុស្សរណៈ នៃការ យោគយល់ ភាគីទាំងពីរ នឹងអនុវត្ត នូវកិច្ច សហប្រតិបត្តិការបន្ថែមទៀត លើចំណុច មួយចំនួនរួមមាន៖លើក កម្ពស់ ការ ធ្វើ កំណែ ទម្រង់ ការ បង្រៀននិងរៀន តាមបែប ឌីជីថល ក្នុងប្រទេសកម្ពុជា ,ចែករំលែក ព័ត៌មាន និង បទពិសោធន៍ ដើម្បីបម្រើផលប្រយោជន៍ គ្នាទៅវិញទៅមក ,ចែក រំលែក ធនធាន និង បណ្ដាញ ដើម្បី បម្រើដល់គោលដៅអប់រំ ,ដាក់ ចេញកម្មវិធីពង្រឹង សមត្ថភាព ,ផ្តល់ អ្នក ជំនាញ ពិគ្រោះ យោបល់ លើ គម្រោង នានា ,អនុវត្ត នូវ កិច្ចការ ស្រាវជ្រាវ ដែល បាន ចែករំលែក គ្នា ,គាំទ្រ ដល់គោលការណ៍ ណែនាំ/គោល នយោបាយស្ដីពី ការសិក្សាតាមបែប ឌីជីថល ,រៀបចំកម្មវិធីសន្និសីទ និងសិក្ខាសាលាផ្សេងៗនិង អនុវត្ត គម្រោងរួមគ្នា ដែលទាក់ទងនឹងការអប់រំ កម្រិត ឧត្តមសិក្សា។

ជាមួយគ្នានោះ UNESCO-ICHEI គ្រោង នឹង បង្កើត វិទ្យាស្ថាន អន្តរជាតិ នៃការ អប់រំ តាមបណ្ដាញ អ៊ីនធឺណិត (IIOE) ដែលសហការភាព ជាដៃគូជាមួយគ្រឹះស្ថាន ឧត្តម សិក្សា យ៉ាងហោចណាស់១០ ក្នុងកម្ពុជា តាមរយៈក្រសួង អប់រំ យុវជននិងកីឡា ព្រមទាំង សហការ ជាមួយ ក្រុមហ៊ុន បច្ចេកវិទ្យា ក្នុង ស្រុក ដើម្បី កសាងវេទិកា MOOC ដែល ត្រូវ បាន ប្រើប្រាស់ កម្រិត ថ្នាក់ជាតិ។

ក្រសួងអប់រំបញ្ជាក់ថា អនុស្សរណៈ នៃ ការ យោគយល់ ខាង លើ មិន ត្រឹមតែនាំមកនូវទំនាក់ទំនង សហប្រតិបត្តិការកាន់តែជិតស្និត រវាងក្រសួង អប់រំ យុវជន និងកីឡា និង UNESCO-ICHEI ប៉ុណ្ណោះ ទេ ថែមទាំងជាការ គូសបញ្ជាក់ នូវការដាក់អនុវត្ត ជាផ្លូវការ នូវគម្រោងសាកល្បង IIOE នៅ កម្រិតថ្នាក់ជាតិ ដែលនឹងប្រមូល ផ្ដុំ នូវបទពិសោធន៍ និង ផ្ដល់ ឯកសារ យោងនានា សម្រាប់ការអនុវត្ត គម្រោង IIOE ជាក់ ស្ដែង ក្នុង ពេល អនាគត។

លើសពីនេះទៀត ក្រសួងបញ្ជាក់បន្ថែមថា គម្រោង Smart Classroom របស់ UNESCO-ICHEI ក៏ ត្រូវ បាន បំពាក់ យ៉ាងជោគជ័យ នៅសាកល វិទ្យាល័យ ភូមិន្ទភ្នំពេញ កាលពីខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ ដែលជាផ្នែកមួយគាំទ្រ ដល់ការធ្វើ កំណែទម្រង់ វិស័យ អប់រំ បែបឌីជីថល នៅកម្ពុជា។

សូមរំលឹកថា ក្រសួងអប់រំ និងUNESCO-ICHEI បានបង្កើត ទំនាក់ទំនង សហការគ្នា តាំងពីឆ្នាំ ២០១៦ កន្លងទៅ ដើម្បីធ្វើកិច្ចសហការ ផ្ដោតលើប្រព័ន្ធអប់រំ កម្រិត ឧត្ដម សិក្សា ៕ ដោយ៖ធី លីថូ

To Top