ភ្នំពេញ៖ កិច្ចប្រជុំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤១ រយៈពេល៣ថ្ងៃតាមប្រព័ន្ធវីដេ អូខន់ហ្វើរិនបានបញ្ចប់ ដោយជោគជ័យ ខណៈវៀតណាមបានធ្វើជាម្ចាស់ផ្ទះ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ ពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
កិចច្ចប្រជុំនេះជាប្រវត្តិសាស្រ្ត ដែលមហាសន្និបាត AIPA បានរៀបចំធ្វើតាមប្រ ព័ន្ធវីដេអូ ក្នុងខណៈប្រទេសវៀតណាមធ្វើជាម្ចាស់ ដោយសារការរាតត្បាត នៃជំងឺរាតត្បាតកូវីដ១៩។ ទោះបីជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏មិនអាចធ្វើឲ្យតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះខកខាន ក្នុងការជួបប្រជុំគ្នាជាប្រចំាឆ្នាំនោះឡើយ។ អាយប៉ាដែល មានរដ្ឋសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ រួមគ្នាពុះពារជម្នះរាល់ឧបសគ្គ ដើម្បីរៀបចំ មហាសន្និបាត តាមប្រព័ន្ធវីដេអូ ដោយបានប្រព្រឹត្តិទៅដោយរលូន នៅក្នុងរយៈពេលបីថ្ងៃមក នេះ។
សូមជម្រាបថាគណៈប្រតិភូចូលរួមបានផ្លាស់ប្តូរទស្សនៈយោបល់គ្នាលើសេចក្តីសម្រេច ដើម្បីជាធាតុចូល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហា ប្រឈមរបស់ពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិ បត្តិនេះបញ្ចប់ទៅ។
អង្គមហាសន្និបាតមាន សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា សេចក្តីសម្រេចស្តីពី “តួនាទីរបស់សមាជិកសភាជាស្រ្តី ក្នុងការធានាការងារ និងប្រាក់ ចំណូលដល់កម្មករ និយោជិតជាស្រ្តី” សេចក្តីសម្រេចស្តីពី “ការចូលរួមរបស់សមាជិកសភាវ័យក្មេង អាយប៉ាក្នុងការកសាងសហគមន៍អាស៊ាន” សេចក្តីសម្រេចស្តីពី “តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការងើបឡើងវិញនៃសេ ដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩” ជាដើម។
មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែក កិច្ចហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ាន ដោយធ្វើយ៉ាងណាឲ្យចក្ខុវិស័យ របស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅដោយជោគ ជ័យ។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋ ក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវ គោលដៅសហគមន៍អាស៊ានតែមួ យ។
មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នា តាមលំដាប់អក្ខរក្រមនៃឈ្មោះ ប្រទេសតាមអក្សរឡាតាំង។ មហាសន្និបាតលើកទី៤២ នឹងធ្វើនៅប្រទេសប៊្រុយណេ នៅក្នុងឆ្នាំ២០២១។
មុននឹងបិទបញ្ចប់មហាសន្និបាត លើកទី៤១នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រតិភូប្រទេស ជាសមាជិកទំាងអស់ បានចុះហត្ថលេខាលើរបាយការណ៌រួម (Joint Communique) ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤១ ដោយភាពស្និទ្ធស្នាលជាទីបំផុត ទោះបីជាពិធីនេះ បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្តី។
សូមជម្រាបថា កិច្ចប្រជុំបានចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មហាសន្និបាតអាយប៉ា បានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការ ជំនាញរបស់ខ្លួន រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូ វការរបស់សមាជិកសភា វ័យក្មេងអាយប៉ាផងដែរ ៕
ដោយ៖ ស សំណាង