ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ និងជួបបញ្ហា ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏ដោយ រាជរដ្ឋាភិបាល កម្ពុជា នៅតែបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ថែមទៀត។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំច្រកទ្វារព្រំដែន «ព្រៃវល្លិ៍» និងពិនិត្យពិភាក្សាអំពីបញ្ហា ប្រឈម និងដំណោះស្រាយជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅច្រក ទ្វារព្រំដែន កម្ពុជា-វៀតណាម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ទោះបីមានជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបញ្ជាក់ថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាសព្វថ្ងៃ គឺដំណើរការធម្មតា និងគ្មាន គម្រោងណាមួយ ត្រូវបានកកស្ទះ និងខកខានឡើយ។លោកថា រាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់បែប យ៉ាង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធជាកត្តាយ៉ាងសំខាន់ សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ចជាតិ។
លោក មានប្រសាសន៍ថា «រាជរដ្ឋាភិបាល អត់មានស្លាប់ទេ ដោយជំងឺកូវីដ-១៩ ឬក៏បញ្ហាគេកាត់បន្ថយ បន្ដិចបន្ទួច រឿងEBA។យើងនៅតែបន្ដកសាងប្រទេស និងទាក់ទាញអ្នកវិនិយោគមកដាក់ទុន នៅកម្ពុ ជាយើង»។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏បានលើកឡើងថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ មានសុខសន្ដិភាព ដែលទាក់ទាញអ្នកវិនិយោគមកកម្ពុជា ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ ៕
ដោយ៖ អេង ប៊ូឆេង