ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន សូមច្រានចោលនូវខ្លឹមសារទាំងអស់ ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News”

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន សូមច្រានចោលនូវខ្លឹមសារទាំងអស់ ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដែលបានសរសេរអត្ថបទ ពាក់ព័ន្ធនឹងសិទ្ធិអំណាច ចាត់ចែងមុខជំនួញជ្រូក មាន់ ទា គោ ក្របី និងបានធ្វើឲ្យប៉ះពាល់ ដល់កិច្ចការគ្រប់គ្រង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនបានជ្រាបដូចខាងក្រោម៖

១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មាននេះ មិនត្រឹមត្រូវទៅតាម សភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២. ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការពន្យល់ ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូលសត្វនិងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធី និងវិធានបច្ចេកទេស ដូចមានចែងក្នុងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការស្នើសុំនាំចេញ នាំចូលសត្វនិង ផលិតផលសត្វ គឺចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាសេនាធិការ ជំនាញបច្ចេកទេសរបស់ក្រសួង មុននឹងក្រសួងចេញលិខិតអនុញ្ញាត ពោលគឺមិនមានអ្នកណាម្នាក់ ចាត់ចែងការងារនេះ ជំនួសមុខឱ្យអង្គភាពជំនាញបានឡើយ។

៣. ក្នុងគោលដៅពង្រឹងការងារ គ្រប់គ្រងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តការរឹតបណ្តឹង វិធានការបច្ចេកទេស សំដៅការពារសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ព្រមទាំងធានានិរន្តរភាព នៃការផ្គត់ផ្គង់ផលិតផលសត្វ ប្រកបដោយគុណភាព និងសុវត្ថិភាព៕

To Top
×