ព័ត៌មានជាតិ

ស្ថានទូតស៊ុយអែត ផ្តល់លុយជាង៦០ ម៉ឺនដុល្លារ ឱ្យអង្គការវេទិកា អនាគត ដើម្បីបណ្តុះអ្នកស្រាវជ្រាវ និងវិភាគវ័យក្មេង

ភ្នំពេញ៖ ស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា នៅថ្ងៃសៅរ៍ទ ១១ ខែកញ្ញ ឆ្នាំ២០២០ បានចុះកិច្ចព្រមព្រៀងថ្មីមួយដើម្បីផ្តល់ ថវិកាគាំទ្រដល់ អង្គការវេទិកាអនាគត ដែលជាស្ថាប័ន និងវិទ្យាស្ថាន ស្រាវជ្រាវ។

ហ្វេសប៊ុករបស់ស្ថានទូតស៊ុយអ៊ែត បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលមានរយៈពេល៣ឆ្នាំនេះ មានទំហំទឹក ប្រាក់ចំនួន៥.៥លានសេក (ប្រមាណជា ៦១ម៉ឺនដុល្លាអាមេរិក)។ តាមរយៈកញ្ចប់ថវិកានេះ អង្គការវេទិកាអនាគតនឹងអាចធ្វើសិក្សា ស្រាវជ្រាវ ក៏ដូចជាបណ្តុះបណ្តាលក្រុមអ្នកស្រាវជ្រាវ វ័យក្មេងលើការ វិភាគផ្នែកនយោបាយ និងការសិក្សាវិទ្យាសាស្ត្រសង្គម។

លោក សាមូលអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ˝កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយអង្គការវេទិកាអនាគត គឺជាផ្នែក មួយសំខាន់នៃជំនួយគាំទ្ររបស់ប្រទេសស៊ុយអែត លើការអភិវឌ្ឍបែប លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ យើងរីករាយក្នុងការបន្តផ្តល់ជំនួយ គាំទ្រដល់អង្គការនេះ ដែលបានរួមចំណែកសំខាន់ ដល់គុណភាព និង ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ នៅក្នុងប្រទេសកម្ពុជា។˝

លោក អ៊ូ វិរៈ ប្រធានអង្គការវេទិកាអនាគត បានមានប្រសាសន៍ថា “ស្ថានទូតស៊ុយអែត បានផ្តល់ថវិកាគាំទ្រដល់អង្គការវេទិកា អនាគត ដើម្បីគាំពារ និងគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវវ័យក្មេង នៅកម្ពុជាដើម្បី ឲ្យពួកគេអាចធ្វើការវិភាគ និងការសិក្សាស្រាវជ្រាវលើគោលនយោបាយ សាធារណៈ”។ “យើងពិតជារីករាយ សម្រាប់ការបន្តទំនាក់ទំនងប្រកប ដោយផ្លែផ្កាមួយនេះ ជាមួយម្ចាស់ជំនួយ ដ៏យូរអង្វែងមួយរបស់យើង ស្របពេលដែលយើងបន្តរៀបចំកសាង ក្រុមយុវជនកម្ពុជាឲ្យ ចេះវិភាគ គោលនយោបាយ និងជំរុញការពិភាក្សាគោលនយោបាយសាធារណៈ នៅក្នុងប្រទេសកម្ពុជា។˝

វេទិកាអនាគត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ជា វិទ្យាស្ថាន សិក្សាស្រាវជ្រាវដែលផ្តោតលើការសិក្សា ស្រាវជ្រាវ និងវិភាគលើគោល នយោបាយសាធារណៈ។ ផ្នែកមួយសំខាន់នៃការងាររបស់វិទ្យាស្ថាននេះ គឺគាំទ្រក្រុម យុវជនដែលអាចបង្កើតដំណោះស្រាយផ្នែកគោលនយោបាយជាវិជ្ជមាន និងផ្សារភ្ជាប់កិច្ចសន្ទនាសង្គម នយោបាយ សេដ្ឋកិច្ច និង វប្បធម៌សម្រាប់កម្ពុជា៕ ដោយ៖ សយ សុធីតា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top