ព័ត៌មានជាតិ

វិភាគ ៖ សង្គ្រាមសងសឹក ជិត២០ឆ្នាំ របស់អាមេរិក នៅអាហ្វហ្កានិស្ថាន ក្លាយជាគ្មានន័យ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតាបានចុះផ្សាយថា សង្គ្រាមសងសឹករយៈពេលជិត២០ឆ្នាំ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានិស្ថាន បានក្លាយជាគ្មានន័យ ដោយទទួលបានតែការខាតបង់ ទាំងលុយកាក់ និងទាំងអាយុជីវិតមនុស្ស ។

សង្គ្រាមសងសឹកគ្មានន័យនៅត្រង់ថា អាមេរិកបានវាយប្រហារ ផ្តួលរំលំរបបដឹកនាំតាលីបង់ នៅប្រទេសអាហ្វហ្កានិស្ថាន កាលពីឆ្នាំ២០០១កន្លងទៅ ដែលមានរយៈពេល១៩ឆ្នាំហើយ ក្នុងបំណងលុបបំបាត់ចលនា ភេរវកម្មនៅក្នុងប្រទេសនេះ និងនៅលើភិពលោក ។

ដែលហៅថាសង្គ្រាមសងសឹក គឺសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន ពីបទលបលួចលាក់បំពួនលោក អូសាម៉ា ប៊ីឡាដិន (Osama Bin Laden) មេដឹកនាំកំពូលអង្គការភេរវកម្ម អាល់កៃដា (Al-Qaeda) ។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងក្រោយពីមានអំពើភេរវកម្ម នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយយន្តហោះដឹកអ្នកដំណើរចំនួន២គ្រឿង បានហោះទៅបំបុកអគារ ពាណិជ្ជកម្មពិភពលោក (World Trade Center) ។

ទីភ្នាក់ងារចារកម្មអាមេរិកបានរកឃើញថា ការវាយប្រហារភេរវកម្ម ដោយបើកបរយន្តហោះដឹកអ្នកដំណើរ២គ្រឿងទៅបំបុក អគារពាណិជ្ជកម្មពិភពលោក គឺជាស្នាដៃរបស់លោក អូសាម៉ា ប៊ិន ឡាដិន ដែលជាមេដឹកនាំរបស់អង្គការ ភេរវកម្មពិភពលោក អាល់កៃដា ។

ការវាយប្រហារភេរវកម្មនៅពេលនោះ បណ្តាលអោយមនុស្សប្រមាណជាង៣ពាន់នាក់បានបាត់បង់ជីវិត អគារភ្លោះដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបាក់ស្រុតដល់ដី និងឯកសារសំខាន់ៗពាក់ព័ន្ធពាណិជ្ជកម្មត្រូវបានបំផ្លាញទាំងស្រុង ។

ក្រោយពីស៊ើបការណ៍ដឹងថា អំពើភេរវកម្មនោះជាស្នាដៃរបស់មេភេរវករ អូសាម៉ា ប៊ិនឡាដិន, អាមេរិកបានកំណត់ថា អូសាម៉ា ប៊ិនឡាដិន កំពុងលាក់ខ្លួននៅប្រទេសអាហ្វហ្កានិស្ថាន ក្រោមការជួយលាក់បំពួនពីរដ្ឋាភិបាលតាលីបង់របស់ប្រទេសនេះ ។

អាមេរិកបានគម្រាមរដ្ឋាភិបាលតាលីបង់ អាហ្វហ្កានិស្ថាន អោយប្រគល់ អូសាម៉ា ប៊ិន ឡាដិន អោយសហរដ្ឋអាមេរិកជាបន្ទាន់ ហើយមិនប្រគល់អោយទេ អាមេរិកនឹងវាយប្រហារ ផ្តួលរំលំរបស់ដឹកនាំរបស់រដ្ឋាភិបាលតាលីបង់ ។

ប្រមុខដឹកនាំរដ្ឋាភិបាលតាលីបង់ បានឆ្លើយបដិសេធថា ខ្លួនមិនបានលាក់បំពួនលោក អូសាម៉ា ប៊ិន ឡាដិន ដូចការចោទប្រកាន់របស់ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកនោះទេ ហើយខ្លួនក៏មិនដឹងថា អូសាម៉ា ប៊ិន ឡាដិន នៅកន្លែងណាដែរ ។

ដោយមិនជឿលើការប្រកាស បដិសេធរបស់រដ្ឋាភិបាលតាលីបង់, កងកម្លាំងយោធា របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមវាយប្រហារផ្តួល រំលំរដ្ឋាភិបាលតាលីបង់ អាហ្វហ្កានិស្ថានដូចដែលខ្លួនបានគម្រាម ក្រោយពីទទួលបានលទ្ធផលស៊ើបអង្កេត ។

ក្រោយពីបានផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានិស្ថាន កាលពីពីឆ្នាំ២០០១កន្លងទៅ អាមេរិករកមិនឃើញ លោក អូសាម៉ា ប៊ិន ឡាដិន នោះទេ ហើយរដ្ឋាភិបាលតាលីបង់ បានក្លាយជាពួកឧទ្ទាម វាយប្រហារលើកងទ័ពរដ្ឋាភិបាលថ្មី អាហ្វហ្កានិស្ថាន និងកងទ័ពអាមេរិកវិញ ។

ចាប់ពីពេលនោះមក សង្គ្រាមស៊ីវិលនៅប្រទេសអាហ្វហ្កានិស្ថាន បានឆាបឆេះរហូតមក ដែលខាងរដ្ឋាភិបាលថ្មីអាហ្វហ្កានិស្ថាន ដែលលើកបន្តុបដោយអាមេរិក បានសហការជាមួយកងទ័ពអាមេរិក និងកងទ័ពរបស់អង្គការណាតូ ចូលរួមប្រយុទ្ធជាមួយពួកឧទ្ទាមតាលីបង់ ។

សង្គ្រាមស៊ីវិលរវាងសហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់ ក្នុងរយៈពេលជាង១៩ឆ្នាំកន្លងមកនេះ មិនមានភាគីណាមួយឈ្នះចាញ់នោះទេ តែផ្ទុយទៅវិញ សង្គ្រាមនេះមានតែការខាតបង់លុយកាក់ និងបាត់បង់អាយុជីវិត មនុស្សរាប់សែននាក់ ។

គិតមកទល់នឹងឆ្នាំ២០២០នេះ គឺរយៈពេល១៩ឆ្នាំហើយ ហើយជាលទ្ធផល ប្រទេសអាហ្វហ្កានិស្ថាន ត្រូវហែកហួរ និងយារយីដោយសង្រ្គាមដ៏រ៉ាំរ៉ៃ និងអ្នកដែលទទួលរងការលំបាកបំផុតនោះ គឺគ្មាននរណាក្រៅពីប្រជាជន នៅប្រទេសអាហ្វហ្កានីស្ថានទេ ។
សង្គ្រាមកាប់សម្លាប់គ្នា រវាងសហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់នៅអាហ្វហ្កានិស្ថាន បានសម្លាប់មនុស្សយ៉ាងហោច១៥ម៉ឺននាក់ ហើយពួកឧទ្ទាមតាលីបង់ នៅតែមានកម្លាំងរឹងមាំដដែលក្នុងការប្រយុទ្ធជាមួយសហរដ្ឋអាមេរិក និងកងកម្លាំងរដ្ឋាភិបាល ។

យោងតាមតួលេខ របស់អង្គការសហប្រជាជាតិ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់ជាង១៩ឆ្នាំកន្លងមកនេះ ជនស៊ីវីលអាហ្វហ្កានីស្ថាន បានបាត់បង់ជីវិតចន្លោះពី៣០០០០ ទៅ៦០០០០នាក់ ដោយសារសង្រ្គាមគ្មានថ្ងៃបញ្ចប់នេះ ។

យោងតាមតួលេខផ្លូវការរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានអោយដឹងថា ទាហានអាមេរិកចំនួន១៩០៩នាក់បានបាត់បង់ជីវិត និងទាហានប្រមាណជាង២ម៉ឺននាក់ បានរងរបួសនៅក្នុងសង្គ្រាមនេះ ខណៈដែលសង្គ្រាមនៅមិនទាន់បានបញ្ចប់នៅឡើយ ។

មិនត្រឹមតែកងទ័ពរបស់សហរដ្ឋអាមេរិកទេដែលបានស្លាប់ និងរងរបួសក្នុងសង្គ្រាមនេះ សូម្បីតែកងទ័ពរបស់ប្រទេសសម្ព័ន្ធមិត្តងង្គការណាតូ ក៏បានស្លាប់ និងរងរបួសដែរ ដែលកងទ័ពអង់គ្លេសបានស្លាប់៤៥៤នាក់ កាណាដាស្លាប់១៥៧នាក់ និងបារាំងស្លាប់៨៩នាក់ ។

ចំណែកការចំណាយប្រាក់វិញ គិតត្រឹមខែកញ្ញាឆ្នាំ២០១៩ ក្រសួងការពារជាតិអាមេរិក បានបូកសរុបឃើញថា អាមេរិក បានចំណាយក្នុងសង្គ្រាមនេះអស់ ទឹកប្រាក់យ៉ាងហោច ៧៧៦ពាន់លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់១៩៧ពាន់លានដុល្លារ គឺត្រូវចំណាយទៅលើការកសាងរៀបចំប្រទេស អាហ្វហ្កានីស្ថានឡើងវិញ ៕
ដោយ ៖ អ៊ី ជិន

To Top
×