Covid-19

ករណីសង្ស័យជំងឺ ផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលរបាយការណ៌ថា មានហេតុការណ៍ ករណីសង្ស័យគ្រុនផ្តាសាយធំ បានកើតឡើងចំពោះក្រុមព្រះសង្ឍចំនួន ៤៦នាក់ ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្តនេះ ហើយមានព្រះអាការៈរោគដូចជា ក្តៅខ្លួន លើសពី ៣៧,៥អង្សារសេ ក្អក និងហៀរសំបោរ ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅថ្ងៃចន្ទទី១៤ ខែកញ្ញា នេះថា ហេតុការណ៍នោះ បានកើតមានឡើងចំនួន ៥-៦ថ្ងៃមកហើយ ដែលមានព្រះសង្ឃ ប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាល ពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឃដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឍចំនួន ២១អង្គនាក់ ផ្ញើរទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហើយដែរ កំពុងតែរងចាំលទ្ធផល ហើយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានធ្វើការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិកៈនៅទីនោះ រួចហើយដែរ។ បច្ចុប្បន្ននេះ ស្ថានភាពសុខភាព ព្រះសង្ឃដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។

ដោយសារមានការ សង្កេតកន្លងមកនេះ ឃើញថានៅមានការខ្វះចន្លោះ ក្នុងការអនុវត្តវិធានការសុខាភិបាល ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល «ខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រង ទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការ អនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត» ដោយអនុវត្តវិធានការ សាមញ្ញៗដូចតទៅ៖

១.រក្សាអនាម័យដៃស្អាតជានិច្ច​ ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែល មិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខមាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ

២.ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវ ជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធម៌

៣.រក្សាគម្លាតសុវត្ថិភាពបុគ្គល យ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ

៤.ជាពិសេសព្រះសង្ឍ ឫបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឫមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធី ជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុង ទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លង បន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់

៥.ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រើប្រាស់ សាធារធាតុមេតាណុល ដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន ៕

To Top