ព័ត៌មានជាតិ

ថវិកា​ ប្រមាណជាង ៧៨.៧ ពាន់លានរៀលហើយ ដែល រាជរដ្ឋាភិបាលកម្ពុជា បានបើកជូនស្រ្តី សម្រាលកូន ជាសមាជិក ប.ស.ស.

ភ្នំពេញ៖ គិតចាប់ពីថ្ងៃ ដែលបានដាក់ឱ្យដំណើរការ នៃការផ្តល់ជូន គោលរបប ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ថវិការបស់ រាជរដ្ឋាភិបាល សរុបប្រមាណ ជាង ៧៨.៧ ពាន់លានរៀលហើយ ដែលត្រូវបាន ប.ស.ស. បើកផ្តល់ជូនស្រ្តី សម្រាលកូន ចំនួន ១៩៥ ៥៣០ នាក់ មានចំនួនកូនសរុប ១៩៦ ៨៦៦នាក់ នេះបើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ។

តាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ២.២ ពាន់លានរៀល ដែល ប.ស.ស. បានបើកផ្តល់ជូន បងប្អូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូន សរុបចំនួន ៥ ៦៦២ នាក់ ដែលមានចំនួនកូន សរុបចំនួន ៥ ៦៩៩ នាក់។

ទាំងនេះគឺជាការ យកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ ពីសុខុមាលភាព និងជីវៈភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត។

រហូតមកទាល់ពេលនេះ បើទោះបីជាមាន ការវាយតម្លៃខ្ពស់ និងទទួលបាន ការកោតសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រ ពីសំណាក់បងប្អូនកម្មករ និយោជិត ជាសមាជិកយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្មារតី ទំនួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាល ប្រគល់ជូន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមានលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បាននឹងកំពុងបន្តដឹកនាំអនុវត្ត ដោយធ្វើយ៉ាងណា ឱ្យការផ្តល់សេវា គាំពារសង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករនិយោជិត ជាសមាជិករបស់ខ្លួន ។

គួររំលឹកផងដែរថា៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្ត តាមសេចក្តីណែនាំ ដូចខាងក្រោម៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមក បំពេញបែបបទ នៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយ នូវលិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទ ត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់ របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួន មិនបានមកបំពេញបែបបទ នៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់ មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញាតិត្រូវជូនដំណឹង មក ប.ស.ស. តាមលេខទូរស័ព្ទ ទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាក ក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top