Covid-19

ក្រសួងសុខាភិបាល អំពាវនាវគណៈកម្មការវត្ត និងពលរដ្ឋពង្រឹងវិធានការ អនាម័យទប់ស្កាត់កូវីដ-១៩ ផ្ដាសាយធំ និងជំងឺផ្សេងៗ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាលបានអំពាវនាវ ដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹង វិធានការអនាម័យតាមការ ណែនាំរបស់ក្រសួងដើម្បីការពារព្រះកាយ ការពារខ្លួនពីការចម្លងមេរោគកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្រ្តីបន្តក្រើន រំលឹកអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ ទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយ ជារឿយៗរួចមកហើយ។

លោកបន្ថែមថា ក្រសួងបានសង្កេតឃើញកន្លងមក មានការចម្លងជំងឺគ្រុនផ្ដាយសាយធំ នៅតាមទីវត្តអារ៉ាម ដូចជា នៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងក្នុងពេលថ្មីៗនេះ នៅខេត្តបាត់ដំបងដែលមាន ព្រះសង្ឃជាច្រើនអង្គ និងនាក់ មានអាពាធដោយមានរោគសញ្ញា ដូចជា ក្ដៅព្រះកាយលើពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម ។ ចំណុចនេះ ក្រសួងបានសង្កេតឃើញនៅមាន ការខ្វះចន្លោះក្នុងការអនុវត្តវិធានការ សុខាភិបាលនៅតាមទី វត្តអារ៉ាមមួយចំនួនផងដែរ។

លោក ម៉ម ប៊ុនហេង បញ្ជាក់ថា «សូមធ្វើការអំពាវនាវសារជាថ្មី និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជា ពិសេស ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការ អនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារព្រះកាយ ការពារខ្លួនលោកអ្នកពី ការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្ដាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត»។

ទោះបីជាយ៉ាងណា លោក ម៉ម ប៊ុនហេង បានកោតសរសើរដល់អាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុស ដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ណាមួយនៅឡើយទេ ៕

To Top