ព័ត៌មានជាតិ

សម្ដេច ស ខេង កោតសរសើរមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានការកោតសរសើរ ចំពោះកិច្ចសហការប្រកប ដោយការទទួលខុសត្រូវខ្ពស់ របស់មន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “នៅថ្ងៃនេះខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពជម្រាប ជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារក្នុងខែកក្កដា និងខែសីហា របស់ក្រុមការងារតាមដានអំពី ការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ព្រះករុណាខ្ញុំដូចបានភ្ជាប់មក ជាមួយខាងក្រោមនេះ”។

សម្ដេចបន្ដថា “ខ្ញុំព្រះករុណាខ្ញុំ ក៏សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការប្រកបដោយការ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រ ហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ”។

ឆ្លៀតនៅក្នុងឱកាសនៃ ការជិតឈានចូលមកដល់នៃ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ សម្ដេច ស ខេង ជូនពរប្រជាពលរដ្ឋទាំងប្រទេស និងក្រៅប្រទេសសូមសម ប្រកបតែនឹងសេចក្ដីរីករាយ និងមានសុវត្ថិភាពក្នុង ការធ្វើដំណើរគ្រប់ទីកន្លែង និងសូមបងប្អូនជនរួមជាតិ ចូលរួមអនុវត្តវិធានការទប់ស្កាត់ ជំងឺកូវីដ១៩ ដើម្បីរក្សាសុខុមាលភាពក្នុងសហគមន៍ និងប្រទេសជាតិ ៕

To Top