ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Marc Thayre អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ភាគីទាំងពីរ កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់​ក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបនោះ លោក សុខ សុភ័ក្ត្រ បានរំលេចពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ដែលមានទំហំទឹកប្រាក់ប្រមាណ ១,០៥ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេស ក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាមេរិក ពិសេសលើផលិតផល សម្លៀកបំពាក់ កង់ និងស្បែកជើង។

លោកក៏បានបង្ហាញជំហររបស់កម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅ ធានាតម្លាភាពនិងភាពស្មើរគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្ម របស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែក និងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។

ក្នុងនោះផងដែរ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Marc Thayre អនុប្រធានបេសកកម្ម ក៏បានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មី របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាព មកពីអង់គ្លេសផងដែរ។

បន្ទាប់មកទៀត រដ្ឋលេខាធិការ និងលោក Marc Thayre បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាត ជាសកលកូវីដ-១៩៕

To Top
×