ព័ត៌មានជាតិ

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាព ជំងឺគ្រុនផ្តាសាយធំ​ នៅទូទាំងប្រទេសកម្ពុជា​

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ពីស្ថានភាពជំងឺគ្រុនផ្តាសាយធំ​ នៅទូទាំងប្រទេសកម្ពុជា​ ។

១.​ តាមការសរុបខេត្តចំនួនបួន​ (តាកែវ​ ត្បូងឃ្មុំ​ បាត់ដំបង​ និងបន្ទាយមានជ័យ)​ ដែលមានព្រះសង្ឍអាពាធរោគាកន្លងមក​ និងក្នុងពេលថ្មីៗនេះ​ មានចំនួនប្រមាណជាង១២០អង្គហេីយ​ ដែលឆ្លងជំងឺផ្តាសាយធំ។  ព្រះសង្ឃដែលអាពាធស្ទេីរតែទាំងអស់​ បានព្យាបាលជាសះស្បេីយ​ហេីយ​ នៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ​ ដែលនៅបន្តការព្យាបាល​ តែស្ថានភាពបានធូរស្រាលហេីយដែរ។ 

២.​ ជាទូទៅ​ កត្តាដែលឲ្យមានបញ្ហាសុខភាព​បែបនេះ​ គឺមានកត្តាជាច្រេីនដូចជា​ ការប្រែប្រួលអាកាសធាតុ​ ការវិវត្តបម្រែបំរួលនៃវីរុស​ ឫមេរោគផ្សេងៗ​នៅក្នុងបរិស្ថាន ដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ​ ឫមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ​ និងពពួកសត្វបក្សី​ ដែលអាចចម្លងវីរុសណាមួយមកបុគ្គល​ ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន​ និងមានកង្វះការអនុវត្តអនាម័យដៃ​ និងខ្លួនប្រាណ​ ឆ្លងតាមការក្អកកណ្តាស់​ ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវឫឆ្លងតាមការប៉ះពាល់ ទឹកផ្លូវដង្ហេីមអ្នកដែលឈឺ​ ជាដេីម។ 

៣.​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ព្រមទាំងព្រះសង្ឃ​ លោកតាអាចារ្យ​ លោកយាយជី​ និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា​ ចូលរួមអនុវត្តន៌វិធានការ៖

-​ ត្រូវមានអនាម័យខ្លួន​ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច​ ដោយលាងសម្អាតឲ្យបានញឹកញាប់ តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។ 

-​ ប្រេីម៉ាស់ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម​ ឫកន្លែងដែលមានមនុស្សម្នាច្រេីន​ ហេីយពេលក្អកកណ្តាស់​ ត្រូវខ្ទប់មាត់នុងច្រមុះ​ ដោយប្រេីកន្សែង​ ក្រម៉ា​ ក្រដាសជូតមាត់​ ឫកែងដៃ​ ជាដេីម។ 

-​ ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល​ ពីមួយម៉ែត្រកន្លះឡេីងទៅ

-​ ចៀសវាងការប៉ះពាល់ជាមួយសត្វ ដែលបំបៅកូនដោយទឹកដោះ​ និងសត្វបក្សី​ ដោយផ្ទាល់​។  ប្រសិនបេីបានប៉ះពាល់​ ត្រូវតែលាងដៃជាមួយសាប៊ូ​ ឲ្យឆាប់​ មុននឹងចាប់កាន់របស់របរ​ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។ 

-​ ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ​ រក្សាអនាម័យចំណីអាហារ​ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា​ តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល ជារឿយៗរួចមកហេីយ។ 

-​ បេីមានបញ្ហាសុខភាព​ មិនត្រូវចូលរួមពិធី​ឫកម្មវិធីណាមួយនោះឡេីយ​ ដោយត្រូវស្នាក់ក្នុងកុដិ​ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ​ កុំឲ្យមានការចម្លងបន្តគ្នា​ ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ 

-​ រាយការណ៍ទៅលេខ​ ១១៥​ (មិនមានថវិកា​ ក៏អាចហៅចូលបានដែរ)​ ឫទៅមន្ទីរសុខាភិបាលខេត្ត​ ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។ 

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ មានសុខភាពល្អ​ ចៀសផុតនូវជំងឺឆ្លងនានា​ ជាពិសេសជំងឺកូវីដ-១៩​ និងជំងឺគ្រុនផ្តាសាយធំនេះ​។   សូមរីករាយក្នុងក្រុមគ្រួសារ​ ក្នុងថ្ងៃកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top