ព័ត៌មានជាតិ

ឧកញ៉ា លី សាម៉េត សម្ពោធមហារោង សម្រាប់ពុទ្ធបរិស័ទ ដែលជាសមិទ្ឋផលថ្មីមួយទៀត នៅវត្តឧត្តមត្រៃសិក្ខារាម ក្នុងសុក្រកំរៀង ខេត្តបាត់ដំបង

ភ្នំពេញ៖ លោកឧកញ៉ា លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធមហារោងសម្រាប់ភ្ញៀវពុទ្ធបរិស័ទ ដែលជាសមិទ្ឋផលថ្មីមួយទៀតនៅវត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកឧកញ៉ា លី សាម៉េត បានបញ្ជាក់សារជាថ្មីចំពោះមុខកងទ័ពជាតិនៃកងពលលេខ៥៣ អំពីការខិតរខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែល បានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសបានរួចផុតពីររបប្រល័យពូជសាសន៍ ដែលនាំមកនូវសុខសន្តិភាព និងការរីកចម្រើនមកទល់សព្វថ្ងៃ។ លោកបន្តថា ពិតណាស់ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានផ្តល់ជំនឿនិងការគាំទ្រពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

លោកឧកញ៉ា បានក្រើនរំលឹកដល់កងទ័ពទាំងអស់ ឲ្យមានភាពស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំ ហើយត្រូវតែគោរពអនុវត្តន៍ តាមវិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីថែរក្សាការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋឲ្យបានរស់នៅ ក្នុងសន្តិភាពយូរអង្វែងក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

«ក្នុងនាមខ្ញុំជាឧកញ៉ាម្នាក់ ដែលមានភក្តីភាពស្មោះត្រង់ជាមួយ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន គឺខ្ញុំសូមប្តេជ្ញា ចូលរួមការពារសន្តិភាព ការពារសម្តេចតេជោ និង ក្រុមគ្រួសារសម្តេចទាំងអស់ ហើយនឹងខិតខំចូលរួមកសាងសមិទ្ធផលសង្គមជាតិ ឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកឧកញ៉ា លី សាម៉េត។

លោកឧកញ៉ា ក៏បានអរគុណ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើជើងលេខ៥៣  ដែលបានខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺននាយទាហាន នាយទាហានរង ពលទាហាន ដើម្បីមានសមត្ថភាពរឹងមាំក្នុងកិច្ចការពារជាតិ។

នៅក្នុងឱកាសនេះដែរ លោកឧកញ៉ាបានឧបត្ថម្ភថវិកាចំនួន ៨.០០០ដុល្លារ ដល់កងពលសម្រាប់កសាងអង្គភាព និងប្រាក់ ៤.០០០.០០០រៀល និងថវិកា ៥០លានរៀល ជួយដល់វត្តសម្រាប់កសាងសមិទ្ធផលបន្តបន្ទាប់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួទៀតជូនកងកម្លាំងសមត្ថកិច្ចដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកក៏សូមអរគុណ ចំពោះវត្តមានលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជាអនុរដ្ឋលេខាធិកាទីស្តីការគណៈរដ្ឋមន្រ្តី, លោកអភិបាលខេត្តរង សឿម ប៊ុនរិទ្ធ, ឧត្តមសេនីយត្រី កែវ សេងលុន បញ្ជាការកងពលតូចថ្មើជើងលេខ៥៣, ឧត្តមសេនីយ៍ ត្រី ផេង ធី មេបញ្ជាការរង,នាយសេនាធិកាកងពលតូចថ្មើជើងលេខ៥៣, លោកអភិបាលរងស្រុកកំរៀង, លោកអធិការនគរបាលស្រុក, លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក, លោកក្រុមប្រឹក្សាឃុំ, និងលោកមេភូម ដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធីនេះ។

លោកឧកញ៉ា លី សាម៉េត ក៏សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពល្អ និងអាយុយឺនយូរ ដើម្បីដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន៕

To Top