ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក ស៊ូហ្គា យ៉ូស៊ីហេដេ ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ដ្រីថ្មីរបស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូ កដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជ័យជំនះយ៉ាងត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់សមាជិក គណបក្ស LDP ក៏ដូចជា ទំនុកចិត្តរបស់ប្រជាជនប៉ុន ចំពោះទស្សនៈវិស័យគោលនយោបាយ និងភាពជាអ្នកដឹកនាំរបស់លោក ស៊ូហ្គា យ៉ូស៊ីហេដេ ក្នុងការជំនះឲ្យបាននូវវិបត្តិកូវីដ-១៩ និងការស្ការសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការធានាឲ្យបាននូវអនាគតរបស់ប្រទេសជប៉ុនប្រកបដោយសន្ដិភាព និងវិបុលភាព។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ស៊ូហ្គា យ៉ូស៊ីហេដេ នាយករដ្ឋមន្ដ្រីជប៉ុនថ្មី ក្នុងគោលបំណងបន្ដពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន បន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
ដោយ ៖ អេង ប៊ូឆេង