ព័ត៌មានជាតិ

សម្ដេច ហេង សំរិន៖ ដោយសារសន្ដិភាព ទើបកម្ពុជាកំពុងបោះ ជំហានយ៉ាងរឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ដោយសារសន្តិភាព ទើបកម្ពុជាកំពុងបោះជំហានយ៉ាង រឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ និងឈានទៅក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សន្តិភាពជាកត្តាសំខាន់បំផុត និងមិនអាចខ្វះបាន។សម្ដេចថា កម្ពុជាមិនខុសប្រទេសនានានៅលើសកលលោក ត្រូវការសុខសន្តិភាព។ កម្ពុជាដែលបានឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនទសវត្សរ៍ បានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនា ការបែកបាក់សេចក្តីវិនាសខ្លោចផ្សារបំផុត ដែលបណ្តាលមកពីសង្រ្គាម។

សម្ដេចមានប្រសាសន៍ថា «ចាប់តាំងយើងបានកសាង សន្តិភាពពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ យើងទទួលបាននូវ ការអភិវឌ្ឍ រីកចម្រើន ស្ទើរគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពកក់ក្តៅ មានជីវភាពធូរធា និងធ្វើដំណើរបានគ្រប់ ទីកន្លែងនៅទូទំាងប្រទេស»។

សម្ដេចបន្ថែមថា «ដោយសារសុខសន្តិភាពនេះ កម្ពុជាបានកំពុងបោះជំហានយ៉ាងរឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ ឈានទៅក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីយើងបានសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥»។

ជាងនេះទៅទៀត ប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តថែរក្សាសុខសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ ដើម្បីទទួលបានការអភិវឌ្ឍ បន្តទៀត។ សុខសន្តិភាពនៅក្នុងតំបន់ និងសកលលោក ជាកត្តាចម្បងចាំបាច់ និងមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេស។ តំបន់ឬប្រទេសមួយមានសន្តិភាព គឺជាកន្លែងមួយ ដែលមានការអភិវឌ្ឍយ៉ាងពិតប្រាកដ សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា។

សម្ដេច ហេង សំរិន បានរំលឹកថា នៅថ្ងៃទី២១ កញ្ញា ជាទិវាសន្តិភាពអន្តរជាតិ ដែលមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៥៥ បានអនុម័តជា ឯកច្ឆន្ទកំណត់យកថ្ងៃនេះ ជាទិវាសន្តិភាពប្រចំាឆ្នាំ ដើម្បីលើកកម្ពស់ ពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅលើសកលលោក ៕

To Top