ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌល ដ៏មានសក្ដានុពល ក្នុងការលើកស្ទួយ វិស័យដឹកជញ្ជូន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឲ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក។

ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តី ព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម ភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយ វិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីសាធារណការ ក៏ថ្លែងអំណរគុណ ចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុត របស់អង្គប្រជុំ ក្នុងបុព្វហេតុឱ្យការរៀបចំកិច្ច ព្រមព្រៀងនេះមានសង្គតភាព ទៅនឹងបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំក្រុមការងារ ចំពោះកិច្ចធ្វើការងារនេះ ឱ្យបានស្អិតរមួតជាមួយភាគី ពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការ រលូនស្រប តាមកាលវិភាគដែលបានគ្រោងទុក៕

To Top
×