ព័ត៌មានជាតិ

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់៧ មកពិនិត្យសិក្សាបន្ថែម

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិនបានឲ្យដឹងថាជាលទ្ធផលកិច្ចប្រជុំ បានអនុម័តទទួលយក សេចក្តីព្រាងច្បាប់ចំនួន៧ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៩ ដែលគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចហើយ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាពេលខាងមុខនេះ។

សេចក្តីព្រាងច្បាប់ចំនួន៧ ដែលអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តប្រគល់ ទៅគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សារួមមាន៖

១- សេចក្តីព្រាងច្បាប់ស្តីពី មូលបត្ររដ្ឋ។

២- សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការវិនិយោគ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី សហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និង សាធារណឥណ្ឌា។

៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគ រវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៦- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៧- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពី ការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក៕

To Top