ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាល នៅតាមព្រំដែនទប់ស្កាត់ជានិច្ច នូវជនឆ្លៀតឱកាស ចូលបង្កអសន្តិសុខក្នុងប្រទេស

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តបាត់ដំបង ត្រូវបន្តសហការ ជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចល ឬអសន្តិសុខក្នុងប្រទេស ។ នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានកោតសរសើរ ដល់គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត ដែលបានអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព បានល្អប្រសើរ សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ធ្វើអោយបទល្មើស មានការថយចុះ រីឯការបង្ក្រាបមានលទ្ធផលខ្ពស់ជាង៩០%។

អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរស្នងការចាស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលមានការសហការល្អ បង្កលក្ខណៈងាយស្រួលទៅវិញទៅមក ជាមួយសមត្ថកិច្ចនៅជាប់ព្រំដែន ធ្វើអោយស្ថានភាព នៅតាមព្រំដែនមានសន្តិភាព ស្ថេរភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ និងស្នើអោយស្នងការថ្មីយកគំរូ តាមស្នងការចាស់ ហើយលទ្ធផលទាំងនេះ ក៏បានមកពីមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខេត្តផងដែរ ដើម្បីជាផលប្រយោជន៍ របស់ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានរំលឹក និងស្នើដល់ គណៈបញ្ជាការឯកភាពខេត្តចំនួន២ ចំនុចសំខាន់ ក្នុងការព្យាករណ៍ដើម្បីបន្ត អនុវត្តន៍ក្នុងមូលដ្ឋាន ខេត្តបាត់ដំបង ទី១-ពួកឧទ្ទាមអមិត្ត មិនដែលបោះបង់គោលបំណង បំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាត អោយជនទាំងនោះមកបំផ្លាញ សេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា បើគិតក្នុងរង្វង់៥០០ឆ្នាំ កម្ពុជាទើបតែទទួលបានសន្តិសុខ សុវត្ថិភាពនៅពេលនេះទេ ដូច្នេះត្រូវតែការពារអោយបានដាច់ខាត នូវសុខសន្តិភាព ដែលបានមកដោយការលំបាកនេះ។

នាយឧត្តមសេនីយ៍ នេត សាវឿនបានបញ្ជាទៅកាន់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសានក្នុងនាមជាស្នងការថ្មី ត្រូវជួយដោះស្រាយទុកកង្វល់ របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពអោមានប្រសិទ្ធភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្ត នៅជាប់ព្រំដែនផងនោះ។
ត្រូវរួមគ្នាជួយដោះស្រាយ សំដៅកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់ របស់ប្រជាពលរដ្ឋ បើទោះបី ជាខេត្តបាត់ដំបង អត្រាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២៤% និងអ្នកស្លាប់មានចំនួន២៥% ក៏ត្រូវតែមានការចូលរួម សហការទាំងអស់គ្នា ជាពិសេសអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ មានការអធ្យាស្រ័យ និងយោគយល់គ្នា ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នក ដែលប្រើប្រាស់ផ្លូវទាំងអស់ ដើម្បី អោយពួកគាត់បានយល់ និងរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងនាម ជាមន្រ្តីអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូ។

ជាចុងក្រោយនាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំណុច ដើម្បីអនុវត្ត ក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ ៖
ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទី ដឹកនាំដោយផ្សារភ្ជាប់នឹង៤បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯង ជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាង មនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខ នៅពេលមានមន្ត្រីឈឺថ្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេ ក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំ ជាមួយបងប្អូន ត្រូវពង្រឹងរបៀបរបបការងារ ប្រគល់ភារកិច្ចតាមឋានានុក្រម ដោយយកតាមរូបមន្តសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។

ទី២-ត្រូវធ្វើជាសេនាធិការ គ្រប់ជ្រុងជ្រោយ ដល់គណៈបញ្ជាការឯកភាពខេត្ត លើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។ ត្រូវត្រៀមដើម្បីរៀបចំធ្វើផែនការ សកម្មភាពសំរាប់ឆ្នាំ២០២១ ។

ទី៣-ត្រូវលើកកម្ពស់សេវាចាំបាច់ បម្រើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការ ដោយស្មោះត្រង់ឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសជៀសវាង មានការថ្នាក់ថ្នាក់ពីប្រជាពលរដ្ឋ។ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវកែប្រែឥរិយាបថ បំពេញកិច្ចការ ដោយចេញពីបេះដូង ដើម្បីអោយពលរដ្ឋមានភាពកក់ក្តៅ ជាពិសេសជឿជាក់លើនគរបាល។

ទី៤-ត្រូវពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំង ត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រ ជាពិសេសស្ថិតក្នុង ដំណាក់កាលនៃជំងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ទាំងការធ្វើការ ព្រមទាំងការប្រកបរបរអាជីវកម្ម ដោយអនុវត្តន៍តាមវិធាន របស់ក្រសួងសុខាភិបាល រក្សាគម្លាតគ្នា ពាក់ម៉ាស់ និងលាងដៃអោយបានញឹកញាប់។ អគ្គស្នងការនគរបាលជាតិ បន្តថា មោទនភាពនិងជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្តាត់ជំងឺឆ្លងកូវិដ១៩ បានមកពីការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលក្នុងនោះ មានក្រសួងសុខាភិបាលជាសេនាធិការ។

ទី៥-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់កងកម្លាំងនគរបាលតាំង ពីលើដល់ថ្នាក់ក្រោម និងសាមគ្គីផ្ទៃក្នុងរវាងអង្គភាពពាក់ព័ន្ធ សហការគ្នា ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងយុទ្ធនាការសំខាន់ៗ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ៕

To Top