ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី បានធ្វើការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍ រីកចម្រើនតទៅមុខ ។នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។
នៅក្នុងជំនួប ពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមនៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក Pablo Kang បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារលើ វិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្ត ដែលត្រូវអនុវត្តក្នុងបេសកកម្ម រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់ សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត ។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលអូស្រ្តាលី លោកឯកអគ្គរាជទូត បានសន្យានឹងធ្វើការផ្តល់ជូន នូវកម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែល គ្រប់គ្រងធនធានទឹក ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹក នៅកម្ពុជាឲ្យកាន់តែប្រសើរ ។ ទិសដៅបន្តក្រសួងធនធានទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹងពិភាក្សាគ្នា លម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ លោកឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ និងដោយឡែកសម្រាប់ វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ ដល់ការលូតលាស់សេដ្ឋកិច្ចជាតិ ។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែល ក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌ វិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែក ដោះស្រាយនូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួល អាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអូស្រ្តាលី បាន និងកំពុងជួយដល់កម្ពុជា លើគម្រោង ៖ ទី ១) គម្រោង CAVAC ជំហាន ១ (២០១០-២០១៥) បានអនុវត្តនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ និងទី ២) គម្រោង CAVAC ជំហាន ២ (២០១៦-២០២១) កំពុងអនុវត្តនៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង ៕