ព័ត៌មានជាតិ

សម្តេចតេជោ អបអរសាទរខួប ២៧ឆ្នាំ នៃទិវា ប្រកាសឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ២០២០នេះ គឺជាខួបទី ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យ ប្រើប្រាស់ជាផ្លូវការនូវ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងក្លាវក្លា។

បើតាមហ្វេសប៊ុកសម្តេច ផ្តើមចេញ ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ គឺកម្ពុជា បានផ្លាស់ប្តូរចូលទៅក្នុង របត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមាន ការឯកភាពផ្ទៃក្នុងការ ដោះស្រាយបញ្ហានយោបាយ ដោយកម្ពុជាបានឯកភាពគ្នា រៀបចំការបោះឆ្នោត នៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពី អង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជា ប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទ ទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើ ព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើត រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលមកដល់ ឆ្នាំ២០២០ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃ ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញមានដូចជាកម្ពុជា ត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែក អំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និង តុលាការហើយក៏បានអនុម័តនូវសិទ្ធិជា មូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋជាដើម ៕

To Top