ព័ត៌មានជាតិ

ប្រធានរដ្ឋសភា អះអាងថា រដ្ឋធម្មនុញ្ញជា ដំបូលនីតិរដ្ឋ

ភ្នំពេញ៖នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាខួប ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាស ប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយសភាធម្មនុញ្ញ នៅឆ្នាំ១៩៩៣។

សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុកថា “រដ្ឋធម្មនុញ្ញនេះជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព វិបុលភាព និងវឌ្ឍនភាព”។

សម្ដេច ហេង សំរិន លើកឡើងបន្ថែមថា ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់ សរុបបានចំនួន ៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹង តម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។ក្នុងន័យនេះ ចូរយើងរួមគ្នាបន្តគោរព ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និងរុងរឿងរហូតតទៅ៕

To Top