ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ប្រាប់អ្នកធុរកិច្ចអាមេរិក-អាស៊ាន ថា រាជរដ្ឋាភិបាល មានផែនការមេដែលទាមទារឲ្យមាន ការវិនិយោគ មកពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្ដុភារកម្ម នៅកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគ យ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្ម នៅ កម្ពុជា ឲ្យមានការរីកចម្រើន។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរៀបរាប់អំពី កំណែទម្រង់លើវិស័យដឹកជញ្ជូន ដោយប្រើប្រាស់យន្តការ ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បី ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ,ការត្រួតពិនិ ត្យលក្ខណៈបច្ចេកទេសយានយន្ត និងការប្រឡងយកបណ្ណបើកបរ ដោយធ្វើការទូទាត់ថ្លៃសេវាតាម រយៈធនាគារដៃគូ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍ផ្លូវខូចមកកាន់ ក្រសួងសាធារណការ។

លោក បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញ សម្រាប់ឧស្សាហកម្មប្រភេទ អេឡិចត្រូនិក គ្រឿងបង្គុំ កសិឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត សំដៅផ្ដល់ភាពងាយ ស្រួលដល់ការវិនិយោគ របស់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេស ក្រុមហ៊ុនអាមេរិកដែលកំពុងស្វែង រកទីតាំងថ្មី នៅតំបន់អាស៊ីអាគ្នេយ៍»។

លោកបន្ដថា «រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឲ្យមានការវិនិយោគ យ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្ម នៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការ គិតគូររៀបចំ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ភ្នំពេញ ដោយសហការជាមួយក្រុមហ៊ុនឯកជនមួយ របស់ប្រទេសសឹង្ហបុរី»។

ជាការឆ្លើយតប លោក Alexander Feldman នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស វិធានការទប់ស្កាត់ ផលប៉ះពាល់មួយចំនួន ពីជំងឺកូវីដ-១៩ និងទោះបីកម្ពុជា ស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ក្នុងការបន្តជំរុញអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។

សូមជម្រាបថា ក្រុមហ៊ុនដែលចូលរួមក្នុង កិច្ចប្រជុំពិភាក្សាជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានចំណាប់អារម្មណ៍ក្នុង ការបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងបានសន្យាថា នឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃ ទៀតឲ្យងាកមកស្វែងរក ឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនមួយចំនួន បានជម្រាបជូន រដ្ឋមន្ដ្រីសាធារណការ អំពី បច្ចុប្បន្នភាពនៃ ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួន ជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់ បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិក មួយចំនួនឲ្យកាន់តែ មានសភាពខ្លាំងក្លាឡើងថែមទៀត៕

To Top