កីឡា

លោក ស៊ុន ចាន់ថុល អំពាវនាវយុវជន ចូលរួមហាត់កីឡា ហែលទឹកឲ្យបានច្រើន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្នុងនាមជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានអំពាវនាវដល់យុវជនកម្ពុជា ចូលរួមហាត់កីឡាហែលទឹកឲ្យបានច្រើន ដើម្បីការពារសុខភាព។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ មាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល១៨ខែ ចំណាយថវិកាប្រមាណ ៣.០០០.០០០ដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។

លោកបន្ដថា ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះ មាន បំពាក់ម៉ាស៊ីនបូបនិងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

លោករៀបរាប់ថា បច្ចុប្បន្នកម្ពុជាមានអាងហែលទឹក នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាព ងាយស្រួល ដល់យុវជនកម្ពុជាទាំងឡាយ ដែលស្នេហាវិស័យកីឡានេះ ចូលរួមហ្វឹកហាត់ឲ្យបានច្រើនថែមទៀត លើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំ ទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីខ្មែរឱ្យដល់ កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើម យកមេដាយជូនជាតិមាតិភូមិ។

លោកបញ្ជាក់ថា «សូមអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ ឲ្យចូលរួមហាត់កីឡានេះឲ្យបានច្រើន ព្រោះថាការចូលរួមហាត់របស់ បងប្អូនមិនមានការបង់ថ្លៃឡើយ។ លើសពីនេះទៀត សហព័ន្ធនឹងផ្ដល់គ្រូ បង្វឹកដែលមាន បទពិសោធន៍ល្អៗ ដើម្បីបង្ហាត់សម្រាប់ត្រៀម ប្រកួតកីឡាស៊ីហ្គេមនា ឆ្នាំ២០២៣ ខាងមុខដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ»។

ប្រធានសហព័ន្ធកីឡាហែលទឹក បានរំលឹកថា ក្នុងអំឡុង ទស្សវត្សឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញ ពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយជា បន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភព លោកលើវិញ្ញាសារ កីឡាហែលទឹក។ ប្រធានសហព័ន្ធកីឡា ប្រាថ្នាចង់ឃើញ យុវជនកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ ឲ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពជាង ទស្សវត្សនោះ។

ទន្ទឹមនឹងនោះ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់ លោក ស៊ុន ចាន់ថុល និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដែលបានខិតខំប្រមូលការឧបត្ថម្ភគាំទ្រ និងជំរុញ នូវការជួសជុលសាងសង់អាងហែលទឹក និងអាងលោតទឹកនេះ ដោយមានបំពាក់ឧបករណ៍ទំនើប ទាន់សម័យ ស្របតាមស្តង់ដារអន្តរជាតិទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន។

លើសពីនេះទៅទៀត សម្ដេចបានណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់ លើចំណុចមួយចំនួន ក្រោយពេលជំងឺកូវីដ ១៩ បានធូរស្រាល និងសាបសូន្យទៅដែលរួមមាន៖ បង្កើនការបណ្ដុះបណ្តាលធនធានមនុស្ស បំពាក់ឧបករណ៍និងសម្ភារកីឡាឱ្យបានសមស្រប ទំនើប និងទាន់សម័យត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេសអន្តរជាតិ យកចិត្តទុកដាក់លើការឧបត្ថម្ភ និងការលើកកម្ពស់ជីវភាពរស់នៅ ការស្នាក់នៅ និងការបរិភោគរបស់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកឲ្យបានល្អ និងបង្កើនការប្រកួតឲ្យបានញឹកញាប់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top