ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីសម្រេច បញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី ឲ្យមកបម្រើការងារ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។
សូមជម្រាបថា ការបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី២២ កក្កដា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារ អន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី ។ ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យ ជាប់ពាក់ព័ន្ធជាមួយ មន្ត្រីនៅក្នុងខេត្តមណ្ឌលគិរី៕