ព័ត៌មានជាតិ

កម្ពុជា នៅសល់ផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម ជាង៧៤៣គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩ទូទាំងប្រទេស

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញទស្សនកិច្ចការ ងារបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន។

ក្នុងដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានចុះពិនិត្យ ម៉ាស៊ីនគាំទ្រប្រតិបត្តិការ បោសសម្អាតគ្រាប់របស់អង្គការ MAG ដែលជាជំនួយ របស់សហរដ្ឋអាមេរិកនៅក្រុងបានលុង និងលទ្ធផល នៃការបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការ NPA នៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមើលការប្រកួតបាល់ទាត់ នារីរវាងអ្នកដោះមីន/គ្រាប់របស់អង្គការ MAG និងអង្គការ NPA ផងដែរ។

នាឱកាសនោះលោក លី ធុជ បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុងនោះបានបោសម្អាតរួចមានប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ ទៀត។

លោកក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាមរយៈ WRA (Weapon Removal and Abatement) និងកម្មវិធី HDR& D (Humanitarian Demining, Research and Development) ។

លោកក៏បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១- បង្កើននូវកញ្ចប់ថវិកា របស់ខ្លួន ក្នុងការចូលរួមលើការងារ បោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា ,ទី២- ជួយកសាងសមត្ថភាពថ្នាក់ជាតិ ក្នុងការគ្រប់គ្រងហានិភ័យ សំណល់ជាតិផ្ទុះរយៈពេលវែង ក្រោយឆ្នាំ២០២៥ និងទី៣-គាំទ្រការបង្កើតបន្ថែមក្រុមការងារ បច្ចេកទេសស្រាវជ្រាវ ចម្ការគ្រាប់បែកចង្កោម។

ជាមួយគ្នានេះ លោក W. Patrick Murphy បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយមនុស្សធម៌លើការងារបោសសម្អាតមីន /គ្រាប់នៅកម្ពុជាធំមួយ ក្នុងគោលដៅចូលរួមផ្តល់នូវសុខ សុវត្ថិប្រភព ជូនប្រជាពលរដ្ឋកម្ពុជា ហើយសហរដ្ឋអាមេរិក នឹងប្តេជ្ញាបន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារមីនអោយអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

To Top