ព័ត៌មានជាតិ

ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា ខកចិត្តការដកស្រង់ព័ត៌មានមួយជ្រុង និងមិនមានតុល្យភាព របស់ការិយាល័យ ឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយ នាពេលថ្មីៗនេះលើបណ្ដាញសង្គមរបស់ការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុង និងពុំមានតុល្យភាពចេញពីរបាយការណ៍ ទាំងមូលរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការបំភិតបំភ័យ និងការសងសឹក ចំពោះបុគ្គលដែលសហការ ជាមួយអ.ស.ប និងយន្តការ សិទ្ធិមនុស្សរបស់អ.ស.ប។

យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានបេសកកម្មអ ចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា របាយការណ៍របស់អគ្គលេ ខាធិការ អ.ស.ប បានផ្អែកយ៉ាងខ្លាំងទៅលើការអធិប្បាយ របស់អ្នករាយការណ៍ពិសេស ដែលផ្តោតលើភាគីតែម្ខាង និងពុំបានផ្ទៀង ផ្ទាត់ត្រឹមត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែពិនិត្យ ដោយយកចិត្តទុកដាក់បំផុតចំពោះ រាល់ការចោទប្រកាន់នានា។ កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបញ្ចូនជូនអគ្គលេខាធិការ អ.ស.ប នូវការបក ស្រាយបំភ្លឺទាន់ពេលវេលា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធ១ (កថាខណ្ឌ១៩ ទំព័រ២៣) នៃរបាយការណ៍ របស់អគ្គលេខាធិការ អ.ស.ប។

ក្នុងន័យនេះ គេត្រូវចោទសួរភាពស្មោះត្រង់ និងហេតុផល របស់ការិយាល័យនេះ ដែលល្បិចយកតែមួយ ផ្នែកនៃរបាយការណ៍ ហើយពុំបង្ហាញនូវផ្នែកពាក់ព័ន្ធ នឹងការឆ្លើយតបរបស់រាជរដ្ឋាភិបាល។ ទង្វើបែបនេះនឹងធ្វើឲ្យចុះខ្សោយ នូវសុចរិតភាព ឯករាជ្យភាព និងភាពទុកចិត្តបាន របស់ស្ថាប័ន អ.ស.ប មួយនេះ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បន្ដថា ការចោទប្រកាន់ថា បុគ្គលដែលបានសហការជាមួយយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប ត្រូវបានបំភិតបំភ័យ ឬសងសឹក គឺជាការបំផ្លើសទាំងស្រុង។ តំណាងជាច្រើនរបស់អង្គការសង្គមស៊ីវិលកម្ពុជា បានចូលរួមកិច្ចប្រជុំនានាដោយផ្ទាល់ នៅទីក្រុងហ្សឺណែវ របស់គណៈកម្មការទទួលបន្ទុកតាមសិទ្ធិសញ្ញា របស់អ.ស.ប ។ អង្គការជាច្រើនផ្សេងទៀត ក៏បានចូលរួមបញ្ជូនបញ្ជីបញ្ហា របស់ពួកគេទៅយន្តការ សិទ្ធិមនុស្សនេះ ដើម្បីពិនិត្យពិចារណា។ យ៉ាងណាមិញ ពួកគេនៅបន្តអនុវត្តសកម្មភាព របស់ពួកគេតាមច្បាប់ ដោយគ្មានការយាយី ឬការសងសឹកអ្វីឡើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា «ដូចប្រទេសដទៃទៀតដែរ វត្តមានរបស់មន្ត្រីនគរបាលនៅក្បែរទីកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗមិនគួរ ត្រូវបានបកស្រាយថាជា ការគំរាមកំហែង ការបំភិតបំភ័យ ឬការរំខានឡើយ។ ពួកគេគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបង្ការភាពចលាចល ឬអសន្តិសុខនានា ដែលអាចកើតឡើងជាយថាហេតុ។ ពួកគាត់ត្រូវបានណែនាំយ៉ាងច្បាស់ឱ្យ ប្រកាន់ខ្ជាប់យ៉ាងហ្មត់ចត់ ទៅតាមខ្លឹមសារនៃសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃស្ដីពីការធ្វើសកម្មភាពស្របច្បាប់របស់អង្គការសង្គមស៊ីវិល»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបន្ថែមទៀតថា ពាក់ព័ន្ធនឹងការជួបសម្ភាសន៍សម្ងាត់ជាមួយជនជាប់ឃុំក្នុងពន្ធនាគារ ច្បាប់ស្ដីពីពន្ធនាគាររបស់កម្ពុជា អនុញ្ញាតឲ្យមេធាវីការពារក្ដី និងយន្តការបង្ការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ ទារុណកម្ម អាចធ្វើការសម្ភាសន៍ជាសម្ងាត់បាន។ អនុគណៈកម្មាធិការទទួលបន្ទុកបង្ការប្រឆាំងនឹងទារុណកម្មរបស់ អ.ស.ប ក៏ត្រូវបានអនុញ្ញាតដូចគ្នានេះដែរ។ ប៉ុន្តែអ្នករាយការណ៍ពិសេស មិនស្ថិតនៅក្នុងប្រភេទណាមួយខាង លើនោះឡើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរ យៈយន្តការជាតិ និងថ្នាក់ក្រោមជាតិ ដែលមានស្រាប់រួមទាំងវេទិកាភាពជាដៃគូ បានរៀបចំជាទៀងទាត់៕

To Top