ព័ត៌មានជាតិ

ប្រទេសជាច្រើនស្វាគមន៍ កិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស មិនដូចការលើកឡើង របស់លោកស្រី រ៉ូណា ស្មីត

ភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានស្វាគមន៍ដោយ ប្រទេសភាគច្រើនដែល បានចូលរួមក្នុងកិច្ចពិភាក្សា របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំនោះ មានរដ្ឋចំនួន២៧ បានចូលរួមក្នុងកិច្ចពិភាក្សា នេះ។ ក្នុងនោះស្ទើរគ្រប់ប្រទេសចូលរួម ថ្លែងទាំងអស់បានស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នករាយការណ៍ពិសេស និង យន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ។

តំណាងពិសេស របស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត បានថ្លែងការព្រួយបារម្ភ ពីស្ថានភាពនៅកម្ពុជា ដូចជាបញ្ហាបង្រ្កាបសំឡេង អតីតគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ។ លោកស្រីក៏ស្នើឲ្យដោះស្រាយ បញ្ហាសិទ្ធិមនុស្ស ការលើកស្ទួយសិទ្ធិសេរីភាព ក្នុងការជួបប្រជុំគ្នា និងសេរីភាពក្នុងការបញ្ចេញមតិ ឲ្យស្របតាមស្តង់ដាអន្តរជាតិ ។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃ២ តុលា ក្នុងកិច្ចពិភាក្សាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចំនួន១៧ រួមទាំងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែង និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ វិធានការជំរុញសេដ្ឋកិច្ច ការគាំទ្រសង្គម និងគំនិតផ្តួចផ្តើមកំណែ ទម្រង់យុត្តិធម៌ ជាដើម។

វាគ្មិនក៏បានស្វាគមន៍ ចំពោះការរៀបចំវេទិកាភាព ជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល និងក្រុមការងារ ដែលពិនិត្យនិងសិក្សានូវ ការស្នើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ។

គណៈប្រតិភូនៃប្រទេសចំនួន១០ ផ្សេងទៀតក៏បានកត់ សម្គាល់នូវជំហានវិជ្ជមានខ្លះ ចំពោះលំហនយោបាយ និងគំនិតផ្តួចផ្តើមកំណែទម្រង់មួយចំនួន ប៉ុន្តែក៏បានបង្ហាញការ ព្រួយបារម្ភចំពោះរបាយ ការណ៍ស្តីពី ស្ថានភាពចុង ក្រោយនៅកម្ពុជា ពាក់ព័ន្ធសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន បានលើកឡើងក្នុងកិច្ចពិភាក្សានោះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការ និងចូលរួមដោយបើកចំហរ ប្រកបដោយភាពស្មោះត្រង់ ជាមួយលោកស្រីអ្នករាយការណ៍ពិសេស។ ទោះបីជាមានការ រាតត្បាតជំងឺកូវីដ១៩ ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុញ្ញាតឱ្យមានការ ជួបសន្ទនាផ្លាស់ប្តូរយោបល់ តាមរយៈវីដេអូរវាងអ្នករាយការណ៍ពិសេស ជាមួយមន្ត្រីជាន់ខ្ពស់ចំនួន ៦ក្រសួង កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ។

លោកថា សិទ្ធិមនុស្សស្ថិតក្នុងរបៀបវារៈសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា។ សិទ្ធិចម្បងនិងសំខាន់បំផុត ក្នុងចំណោមសិទ្ធិទាំងនេះគឺ សន្តិភាព ស្ថិរភាពសង្គម និងសុខុមាលភាព របស់ប្រជាពលរដ្ឋទាំង អស់។

លោកទូតបានដកស្រង់ ប្រសាសន៍លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិមក គូសបញ្ជាក់ថា “យើងមិនអាចជ្រើសរើស និងសម្រិត សម្រាំងយកតែសិទ្ធិណាមួយ ក្នុងចំណោមសិទ្ធិមនុស្សទាំងអស់បានទេ នៅពេលវាយតម្លៃលើស្ថានភាព សិទ្ធិមនុស្ស”។

លោក អាន សុខខឿន បង្ហាញការសោកស្តាយ ចំពោះរបាយការណ៍ប្រចាំឆ្នាំ របស់អ្នករាយការណ៍ពិសេស បានងាកចេញពីគន្លងខាងលើនេះ ដោយសារតែការផ្អែក លើប្រភពព័ត៌មានតែមួយជ្រុង និងការផ្តោតជ្រុលតែទៅ លើសិទ្ធិពលរដ្ឋនិងនយោបាយ ហើយពុំបាន រាយការណ៍អោយបានគ្រប់គ្រាន់ នូវការរីកចម្រើនវិជ្ជមាន ជាច្រើនផ្សេងទៀត។

ពាក់ព័ន្ធអតីតមន្រ្តីបក្សប្រឆាំងលោកថា កាលពីខែមុន អតីតអ្នកនយោបាយ ប្រឆាំងលេចធ្លោបន្ថែមទៀត បានទទួលសិទ្ធិធ្វើនយោបាយ ឡើងវិញ ដែលធ្វើឲ្យចំនួនសរុបកើនដល់១២ រូប។ ពួកគាត់គ្រោងបង្កើត គណបក្សនយោបាយ ដើម្បីប្រកួតប្រជែងជាមួយ គណបក្សកំពុងកាន់អំណាច តាមរយៈការបោះឆ្នោត។

លោកថា សម្រាប់លោក កឹម សុខា មានសិទ្ធិធ្វើដំណើរទូទាំងប្រទេស លើកលែងតែការធ្វើដំណើរទៅបរទេស និង សកម្មភាពនយោបាយ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គាត់បានជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតបរទេសជាច្រើនរូប នៅឯគេហដ្ឋានរបស់គាត់ បានធ្វើដំណើរទៅគ្រប់ទិសទីនៃ ប្រទេសកម្ពុជា និងបានជួបពិភាក្សាជាមួយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top