ព័ត៌មានជាតិ

អូស្ត្រាលី ប្ដេជ្ញាពង្រឹងទំនាក់ទំនងអប់រំ ជាមួយស្ថាប័នអប់រំនានានៅកម្ពុជា ទាំងក្នុងវិស័យពុទ្ធចក្រ និងអណាចក្រ

ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី ប្ដេជ្ញាពង្រឹងទំនាក់ទំនងអប់រំ ជាមួយស្ថាប័នអប់រំនានានៅកម្ពុជា ទាំងក្នុងវិស័យពុទ្ធចក្រ និងអណាចក្រ ។

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ស្ថានទូតអូស្ត្រាលី និងសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា បានប្រារព្ធទិវាលំនៅដ្ឋានពិភពលោក ។

ក្នុងពិធីនោះលោកទូតអូស្ត្រាលី បានសម្ដែងនូវសេចក្តីរីករាយ ដែលបានចូលរួម ក្នុងពិធីដាំកូនឈើរួមគ្នា ជាមួយពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រសួងបរិស្ថាន ក្នុងទិវាលំនៅដ្ឋាន ពិភពលោក World Habitat Day នៅថ្ងៃទី៥ ខែតុលានេះ ។

លោកទូត Kang បានមានប្រសាសន៍ថា “ទាំងមន្ត្រីស្ថានទូត ទាំងរូបខ្លួនខ្ញុំផ្ទាល់ ពិតជាមានកិត្តិយសណាស់ ដែលបានចូលរួម ក្នុងពិធីដាំកូនឈើ ដោយសហការជាមួយ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រសួងបរិស្ថាន” ។

លោកទូតបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះ សឱ្យឃើញនូវ អាទិភាពចំនួន ៣សំខាន់ៗ សម្រាប់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ។

លោកទូតក៏បានបន្តទៀតថា “អូស្ត្រាលីប្ដេជ្ញាពង្រឹង ទំនាក់ទំនងអប់រំ ជាមួយស្ថាប័នអប់រំនានា នៅកម្ពុជាទាំងក្នុងពុទ្ធចក្រ និងអណាចក្រព្រមទាំងសហការ ជាមួយបណ្តាក្រុមសហគមន៍ ដទៃទៀតនៅ ទីនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់សំដៅលើកកម្ពស់ បរិស្ថានក្នុងរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍មួយនេះបានជួយឱ្យ យើងឈានទៅដល់គោលដៅ ទាំងបី ក្នុងពេលតែមួយ” ។

ទិវាលំនៅដ្ឋានពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥។ ទិវានេះជាការក្រើនរំឭក ដល់យើងទាំងអស់គ្នា ឱ្យមានទំនួលខុសត្រូវជំរុញអភិវឌ្ឍន៍ ទីក្រុងប្រកបដោយនិរន្តរភាព តាមរយៈការយកចិត្តទុកដាក់ និងបញ្ចូលធម្មជាតិ ទៅក្នុងផែនការអភិវឌ្ឍន៍ ក្រុងរបស់យើង ។ អូស្ត្រាលីគាំទ្រដល់ការអភិវឌ្ឍបៃតង នៅប្រទេសកម្ពុជា និងបានផ្តល់ថវិកាសម្រាប់កូនឈើចំនួន ១៥០ដើម និងសម្ភារៈដាំដុះផ្សេងៗទៀត ក្នុងបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

លោកទូត បានថ្លែងអំណរព្រះគុណដល់ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដែលបានផ្តួចផ្តើមសកម្មភាពនេះ ។ លោកក៏បានថ្លែងអំណរគុណ ដល់លោក បណ្ឌិត អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នាទិវានេះ ជាពិសេសលោកទូតក៏បាន អរគុណដល់លោក សូ សិង្ហា តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

លោកទូតបានមានប្រសាសន៍ថា “ពេលខ្លះយើងទំនងជា ពិបាករកឱកាសអភិរក្ស នៅតាមទីក្រុងធំ ដូចជារាជធានីភ្នំពេញជាដើម ។ ប៉ុន្តែសម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា តែងតែបានក្រានរំឭក យើងទាំងអស់គ្នាថា យើងពិតជាអាចធ្វើបាន បើយើងសហការគ្នា” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top