ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញគណៈកម្មការចម្រុះ ដោះស្រាយបញ្ហា អាជីវករផ្សារព្រែកដំបូក ឲ្យឆាប់ចប់ជំហ៊ានទី២

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យគណៈកម្មការចំរុះខេត្ត បន្តពន្លឿនដោះស្រាយបញ្ហាក្រុមអាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរដឺលនៅសល់ អោយបានឆាប់ចប់ក្នុងជំហានទី ២ នេះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនារសៀលថ្ងៃទី៥ ខែតុលាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារដោះស្រាយទំនាស់ របស់អាជីវករផ្សារព្រែកដំបូក ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងសមាជិកគណៈកម្មការចម្រុះខេត្ត ចុះដោះស្រាយទំនាស់របស់ អាជីវករផ្សារព្រែកដំបូក រួមជាមួយមន្ត្រីពាក់ព័ន្ធច្រើនទៀត។

លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការចម្រុះខេត្ត ចុះដោះស្រាយទំនាស់នៅផ្សារព្រែកដំបូក បានបញ្ចាក់ថា គណៈកម្មការចម្រុះបានចុះដោះស្រាយមានចំនួន ១៣លើក ដែលមានអាជីវករសរុបចំនួន ១១៥នាក់ មានតូប/គ្រែចំនួន ១៣៨តូប ក្នុងនោះមានតូបចំនួន៩៣ និង គ្រែចំនួន៤៥ ។

លោកបន្តថា អាជីវករ ចំនួន ២៦នាក់ ដែលមានតូបចំនួន២៥ ដែលលោកអភិបាលខេត្ត បានសម្រេចដកហូតប្រគល់ជូនគណៈអាជីវករផ្សារដើម្បីគ្រប់គ្រង មានតែអាជីវកចំនួន៩នាក់ មាន៩តូប ដែលមិនព្រមប្រគល់ជូនតាមការដកហូត។ ចំណែក អាជីវករចំនួន៣៧នាក់ មានតូប/គ្រែចំនួន ៤៧ ព្រមទទួលយកដោយមិនមានការរុះរើ , អាជីវករ ចំនួន ៤៧នាក់ មានតូប/គ្រែ ចំនួន ៥៧ មិនព្រមទទួលយក ទាមទារឲ្យមានការរុះរើ និងអាជីវករ ចំនួន ០៥នាក់ មានតូប/គ្រែចំនួន ០៩ បានអនុបវាទ។

ជាមួយគ្នានោះដែរ ក្រុមការងារនៃគណៈកម្មការចម្រុះថ្នាក់ខេត្ត ក៏បានលើកឡើងនូវសំណូមពរ និង បញ្ហាប្រឈម ចំនួន១៤ ចំណុច ដើម្បីស្នើសុំគោលការណ៍សម្រេចដោះស្រាយ ពី លោកអភិបាលខេត្ត។

ក្រោយបានស្ដាប់របាយការណ៍ និងសំណូមពររបស់ប្រធានគណៈកម្មការចំរុះខេត្តរួចមក អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេច និងឯកភាពទៅលើការស្នើសុំគោលការណ៍ សម្របសម្រួលរបស់គណៈកម្មការចម្រុះថ្នាក់ខេត្ត ដោយធ្វើការបែងចែកនូវចំណែក តូបមួយចំនួនដែលត្រូវដកហូត ដើម្បីបែងចែកពង្រីកទទឺងតូប/គ្រែ ដោយរក្សានូវប្លង់ ទីតាំងតូប/គ្រែ និងផ្លូវដើរដដែល និង មិនអនុញ្ញាតិពង្រីកបន្ថែម ក្រៅអំពីការពិនិត្យដោះស្រាយ និង បានឯកភាពរបស់គណៈកម្មការចម្រុះខេត្ត។

ចំពោះម្ចាស់តូប ចំនួន០៧តូប ក្នុងចំណោមតូបទាំង២៥ ដែលត្រូវបានដកហូតកន្លងមក បានមកប្តឹងទាមទារតូប នៅរដ្ឋបាលខេត្ត ហើយកិច្ចការនោះ លោកអភិបាលខេត្ត បានប្រគល់ជូនអាជ្ញាធរស្រុក ឲ្យបន្តដោះស្រាយជាមួយម្ចាស់តូប ទាំងនោះអោយបានរួចរាល់ ដោយចាត់ ទុកជាតូបដែលខេត្តបានដកហូត។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់គណៈកម្មការចម្រុះខេត្ត ត្រូវបន្តដោះស្រាយ នូវបញ្ហាសេសសល់ ក្នុងជំហានទី២បន្តទៀត ឲ្យបានចប់ឲ្យបានឆាប់។

គួររំលឹកផងដែរថា កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ជាមួយអាជីវករផ្សារព្រែកដំបូក ដើម្បីដោះស្រាយបញ្ហានេះ។

ដោយពេលនោះ អាជ្ញាធរខេត្ត សម្រេចដកហូតតូបចំនួន២៥ ដែលនៅសល់ប្រគល់ឲ្យប្រធានគណៈកម្មការផ្សារគ្រប់គ្រង និងបានបង្កើតគណៈកម្មការចម្រុះខេត្ត ដែលដឹកនាំដោយលោក ហេង វណ្ណនី អភិបាលរងខេត្ត ដើម្បីចុះសម្របសម្រួល និងដោះស្រាយវិវាទនេះ៕

To Top