ព័ត៌មានជាតិ

អូស្ត្រាលី ប្រកាសជួយកម្ពុជា ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសឱ្យដឹងនៅទី៧ ខែតុលា ឆ្នាំ២០២០ថា ខ្លួន មានសេចក្តី​សោមនស្សរីករាយ ក្នុងការផ្តល់ជំនួយ ចំនួន ១លានដុល្លា អូស្ត្រាលី ដើម្បី ពង្រឹង មន្ទីរពិសោធន៍ជាតិត្រួតពិនិត្យ ឱសថរបស់កម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មាន​ដើមអម្ពិល​ទទួលបាន ឱ្យដឹងថា ជំនួយនេះ នឹងត្រូវផ្តល់ តាមរយៈអង្គការក្រៅ រដ្ឋាភិបាលជំនាញ ដែលមានឈ្មោះ ថា United States Pharmacopeia សម្រាប់រយៈពេល ២ឆ្នាំ (២០២០-២០២២ ) ។ ១លានដុល្លារអូស្រ្តាលី ជំនួយរបស់ ប្រទេសអូស្ត្រាលី នឹង ជួយមន្ទីរពិសោធន៍ ជាតិគ្រប់គ្រង គុណភាព នៃផលិតផល វេជ្ជសាស្ត្ររបស់កម្ពុជា លើកកំពស់ប្រព័ន្ធគ្រប់គ្រង គុណភាពរបស់កម្ពុជា យុទ្ធសាស្ត្រ និង ផែនការប្រតិបត្តិការ មន្ទីរពិសោធន៍ជាតិ ព្រមទាំង បង្កើន ការធ្វើតេស្ត និងរាយការណ៍ អំពីផលិតផល វេជ្ជសាស្រ្តក្លែងក្លាយ និងអន់គុណភាព ។

លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “មន្ទីរពិសោធន៍ជាតិ គ្រប់គ្រងគុណភាព មានសារៈសំខាន់ ក្នុងការការពារប្រឆាំង នឹងផលិតផលវេជ្ជសាស្រ្ត ក្លែងក្លាយ និង អន់គុណភាព ។ ហេតុនេះហើយអូស្ត្រាលី មានមោទនភាព ក្នុងការជួយឧបត្ថម្ភ មន្ទីរពិសោធន៍ ជាតិ គ្រប់គ្រង គុណភាព ផលិតផល វេជ្ជសាស្ត្រ របស់កម្ពុជា ដើម្បីត្រៀមលក្ខណៈ ទទួលបានការទទួល ស្គាល់គុណភាព ពីអង្គការសុខភាពពិភពលោក” ។

អូស្ត្រាលី គឺជាអ្នកគាំទ្រដ៏ធំមួយ ចំពោះប្រព័ន្ធតាមដាននិងត្រួតពិនិត្យ ជាសកល របស់អង្គការសុខភាព​ពិភពលោក ធ្វើការដើម្បីលើកកំពស់បរិមាណ គុណភាព និងការវិភាគ ទិន្ន័យត្រឹមត្រូវទាក់ទង នឹង ផលិតផល វេជ្ជសាស្ត្រក្លែងក្លាយ និង អន់គុណភាព និងដើម្បីប្រើប្រាស់ទិន្ន័យទាំងនេះ ក្នុងការធ្វើឲ្យប្រសើរឡើង នៃការបង្ការ ការរកឃើញនិងការឆ្លើយតប ដើម្បីការពារសុខភាពសាធារណៈ ។ ប្រព័ន្ធតាមដាន និងត្រួតពិនិត្យជាសកល របស់អង្គការសុខភាពពិភពលោក កំពុងតែជួយបង្កើត ការមើលឃើញឲ្យកាន់តែច្បាស់នូវប្រភេទ និងកំរិតនៃផលិតផលវេជ្ជសាស្ត្រ ក្លែងក្លាយ និងអន់គុណភាព ក្នុងខណៈដែលករណីខ្លះ កើនឡើងដល់ចំនួនលានករណី ។

របាយការណ៍ ឆ្នាំ២០១៧ នៃប្រព័ន្ធតាមដាន និងត្រួតពិនិត្យ ជាសកល របស់អង្គការសុខភាព ពិភពលោក បានដកស្រង់ ការសិក្សាស្រាវជ្រាវ ដោយបង្ហាញ នូវអត្រាបរាជ័យ នៃផលិតផលវេជ្ជសាស្រ្តក្លែងក្លាយ និង អន់គុណភាព ដែលត្រូវគេ សង្កេតឃើញ នៅក្នុងប្រទេស មាន ចំណូល ទាបនិងមធ្យម មានចំនួន ប្រហែល១០ភាគរយ ៖ នោះ មានន័យថា ក្នុងចំណោម អ្នកប្រើប្រាស់១០នាក់ អាចមាន ១នាក់ ដែល ជួបប្រទះឱសថប្រឆាំង មេរោគឱសថ គ្រុនចាញ់ មហារីក និងឱសថ ផ្សេងៗដែលក្លែងក្លាយ ។ ការធ្វើឲ្យបទបញ្ញត្តិ កាន់តែមានប្រសិទ្ធិភាព គឺមាន សារៈសំខាន់ ក្នុង ការធានា នូវការទទួលបានឱសថ និងវ៉ាក់សាំង ដែលមានសុវត្ថិភាព ប្រសិទ្ធិភាពនិងគុណភាព ។

ជំនួយថ្មីៗចុងក្រោយ របស់អូស្ត្រាលី ចំពោះគឺបន្ថែមទៅលើជំនួយ ៥០លាន ដុល្លាអូស្ត្រាលី ដែលយើងកំពុងគាំទ្រដល់គម្រោង លើកកំពស់ សមធម៌ និង គុណភាព សុខាភិបាល (H EQIP )។

ដោយៈ សយ សុភា

រូបភាព៖ស្ថានទូតអូស្រ្តាលី
To Top