Covid-19

សម្ដេចតេជោ ស្នើឲ្យក្រសួងសុខាភិបាល ត្រូវមានវិធានការការពារជំងឺកូវីដ១៩ ចំពោះពលរដ្ឋប្រណាំងទូកតាមបណ្ដាខេត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យក្រសួងសុខាភិបាល ត្រូវមានការវិធានការការពារ ជំងឺកូវីដ-១៩ គ្រប់ពេលវេលា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលចូលរួមប្រណាំងទូក នៅតាមបណ្ដាខេត្ត។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីរាជរដ្ឋាភិបាល ប្រកាសមិនប្រារព្ធពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅទីក្រុងភ្នំពេញប៉ុន្ដែ មានលទ្ធភាពជាច្រើន ដែលប្រជាពលរដ្ឋ ប្រណាំងទូកតាមបណ្ដាខេត្ត។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសុំស្នើ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើការ ពិចារណា ព្រោះបញ្ហាកីឡាអុំទូក និងកីឡាទាត់បាល់ខុសគ្នា។បានសេចក្ដីថា អ្នកអុំទូកអង្គួយប៉ះគ្នា ចំណែក ក្រុមទាត់បាល់នៅអឺរ៉ុបមួយចំនួន ឆ្លងកូវីដ។ អីចឹងបើសិនប្រជាពលរដ្ឋមានការអុំទូក តើគួរមាន វិធានការអីខ្លះ? ពីព្រោះយើងពិបាកហាមឃាត់ដែរ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាល ផ្អាកពិធីបុណ្យអុំទូក ក៏ដោយ ប៉ុន្ដែពិធី សំពះព្រះខែ និងអកអំបុក ធ្វើតាមផ្ទះ និងតាមវត្តអារាម ដដែល។

សូមរំលឹកថា គិតព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៨០នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន៤នាក់៕

ដោយ ៖ អេង ប៊ូឆេង

To Top