ព័ត៌មានជាតិ

សម្ដេចស ខេង អញ្ជើញ បើកកិច្ចប្រជុំពិភាក្សា លើឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិ ដំណាក់កាលទី២

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការ ក្រសួង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា លើឯកសារទស្សនទាន ដើម្បីរៀបចំ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

នាឱកាសនោះ សម្ដេច ស ខេង បានមានប្រសាសន៍ថា «កិច្ចប្រជុំក្នុងថ្ងៃនេះគឺធ្វើឡើងក្នុងគោល បំណងរួមគ្នាពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែម លើឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងន័យបន្តអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអោយ កាន់តែមានប្រសិទ្ធភាព»។

សម្ដេចបន្ដថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែមានបញ្ហាមួយចំនួនមិនទាន់ បានដោះស្រាយចប់សព្វគ្រប់នៅឡើយ ដូចនេះ ត្រូវទាមទារឲ្យបន្តដោះស្រាយ នៅក្នុងកម្មវិធីជាតិដំណាក់កាលទី២ ដើម្បីជាសក្ខីភាពបង្ហាញឲ្យឃើញថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានលក្ខណៈជាក់លាក់ និងទទួលលទ្ធផលល្អ។

គួរជម្រាបជូនថា ឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២នេះ ជាឯកសារត្រូវអនុម័តដោយរាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសអំពីចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងសមាសភាគសំខាន់ៗ ក្នុងការរៀបចំឯកសារលម្អិតនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។

ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ក្នុងគោលបំណងបន្តដោះស្រាយ នូវបញ្ហាប្រឈម បន្តអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ៕

To Top