Covid-19

ការតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺ កូវីដ-១៩

ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការតម្រង់ទិសសហគ្រិ នស្ត្រីទៅរកគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។

ក្នុងសិក្ខាសាលាស្តីពី «សហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ និងការសិក្សាអំពីសក្តានុពលទេសចរណ៍ ខេត្តមណ្ឌលគិរី» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី បានបញ្ជាក់ថា «សិក្ខាសាលា នេះរៀបចំឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញ ទទួលបន្ទុកអនុវត្តការ ងារ ក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិស សហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មី ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩»។

លោកស្រីបន្ដថា ស្របតាមតម្រូវការសហគ្រិនស្ត្រីអាស៊ាន កម្ពុជាមានបេសកកម្មក្នុងការពង្រឹង ពង្រីកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា ប្រមូលផ្តុំដោយតំណាងសមាគម និងសហព័ន្ធតំណាងឲ្យស្ត្រីក្នុងវិស័យធុរកិច្ច ដែលក្នុងនោះក៏មានស្ត្រី ក្នុងវិស័យទេសចរណ៍ផងដែរ។

លោកស្រីបន្ថែមថា ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ទន្ទឹមនឹងគោលការណ៍នានារបស់ រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការណ៍ដោយឡែក និងយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារ ទប់ទល់ និងត្រៀមឲ្យបានរួចរាល់សម្រាប់ លំហូរទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដែលទាមទារឱ្យមានការពង្រីក វិសាលភាពនៃការផ្គត់ផ្គង់ ក្នុងវិស័យទេសចរណ៍។

ជាងនេះទៅទៀត រដ្ឋលេខាធិការ បានលើកឡើងថា ការតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្មផ្ទាល់ខ្លួន ជាពិសេស គំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ គំនិតអាជីវកម្មថ្មីៗ គំនិតច្នៃប្រឌិតហើយប្លែកៗ ដែលពាក់ព័ន្ធបំផុតនឹងសហគមន៍ដែលអាចផ្គត់ផ្គង់ដោយងាយ ក្នុងតម្លៃសមស្របតាមទីផ្សារ និងនិន្នាការទេសចរណ៍ ជាពិសេសគឺដើម្បីចូលរួមស្តារ សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩៕

To Top