ព័ត៌មានជាតិ

កម្ពុជា មិនស្នើម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ខណៈកម្ពុជានៅតែមានសកម្មភាព ដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។

សម្ដេចតេជោ មានប្រសាសន៍ថា «កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ កម្ពុជានៅតែមានសកម្មភាព ដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម»។

សម្ដេចតេជោ បញ្ជាក់ថា មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើក ដូចជា ការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាម មូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។

សម្ដេចតេជោ បន្ថែមថា រីឯការចំណាយចរន្ត ដូចជា ប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបាន ប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ៕

ដោយ៖ អេង ប៊ូឆេង

To Top