ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា ដោយស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួល ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active Low)នៅចុងនៃប្រព័ន្ធសម្ពាធទាប វិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នៅក្នុងប្រទេសកម្ពុជាយើង ទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាច្រើនថ្ងៃ ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យ ខេត្តភាគពាយព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ ។ ក្នុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់ ។

ដោយចំនុចមួយចំនួន នៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ លេខ៥ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតជាយថាហេតុ ។

ដោយហេតុនេះ សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ដែល កំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ សង្គ្រោះបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសូមបន្តចាត់វិធានការ ចាំបាច់នានា និងដឹកនាំកម្លាំង ក្នុងការចេញទៅជួយសង្គ្រោះ ប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមា នូវការលំបាក និងផលប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និងសូមអរគុណ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ ៕

To Top