ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះបាន ចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពទឹកទន្លេមេគង្គ និងអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទី១៥ ឈ្មោះលីនហ្វា (LINFA) កំពុងមានឥទ្ធិពល នៅប្រទេសឡាវ ដែលបណ្ដាលឱ្យទឹកទន្លេនឹងហក់ឡើង។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំនៅយប់ថ្ងៃនេះ ព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពល មកលើតំបន់ប៉ាក់សេ ប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ។
ស្ថានភាពបែបនេះ នឹងបង្កឲ្យ ៖
- ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ ។
- រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ ឲ្យមានការប្រុងប្រយ័ត្ន ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ ចំពោះបណ្តាខេត្ត ដែលមានទំនាក់ទំនង នឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប ៕