បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា មេដឹកនាំរបស់សហរដ្ឋ អាមេរិក កំពុងប្រើប្រាស់ យុទ្ធសាស្ត្រល្បួង លួងលោមមេដឹកនាំ របស់បណ្តាប្រទេស ជាសមាជិកអាស៊ាន ក្នុងគោលដៅទប់ទល់ឥទ្ធិពល របស់ប្រទេសចិន ដែលកំពុងកើនឡើងខ្លាំង ក្នុងតំបន់អាស៊ាន ។
យុទ្ធសាស្ត្រលួងលោម របស់សហរដ្ឋអាមេរិក គឺការពង្រឹងទំនាក់ទំនងការទូត ការពង្រឹងទំនាក់ទំនង ខាងយោធា ការអោយប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការបន្ធូរបន្ថយការឹតត្បិត ផ្នែកសិទ្ធិមនុស្ស និងការបំផុសលទ្ធិប្រជាធិបតេយ្យ ក្នុងតំបន់ ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនង ជាមួយអាស៊ាន ចាប់តាំងពីឆ្នាំ១៩៧៧៧កន្លងទៅ ដោយចាត់ទុកអាស៊ានជាដៃគូរសន្ទនា ដែលដាក់ឈ្មោះថា US Mission to ASEAN និងជួបសន្ទនាជារៀងរាល់ឆ្នាំនៅលើទឹកដីអាស៊ាន ឬនៅទឹកដី សហរដ្ឋអាមេរិក ។
ក្រុមអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ នៅសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានលើកឡើងថា សហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនង ជាមួយអាស៊ានមែន ប៉ុន្តែប្រទេសមហាអំណាចមួយនេះ មិនសូវចាត់ទុកអាស៊ាន ជាតំបន់សំខាន់ផ្នែកយុទ្ធសាស្ត្រនោះទេ ។
មូលហេតុដែលសហរដ្ឋអាមេរិក មិនចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ជាតំបន់ យុទ្ធសាស្ត្រសំខាន់ផ្នែកការទូត នយោបាយ យោធា និងសេដ្ឋកិច្ច គឺដោយសារបណ្តា ប្រទេសជាអាស៊ាន មានឥទ្ធិពលយោធាខ្សោយ និងមិនមានកំណើន សេដ្ឋកិច្ចលូតលាស់ខ្លាំង ។
សហរដ្ឋអាមេរិក ហាក់បានបំភ្លេចតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ចោលអស់រយៈពេលជាង ២ទសវត្សរ៍ គឺនៅចន្លោះចាប់ពីឆ្នាំ១៩៨០រហូតដល់ឆ្នាំ២០០០ ដោយអាមេរិក មិនសូវអើពើ និងយកចិត្តទុកដាក់ចំពោះតំបន់នេះទេ ដែលជាឱកាសដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ទាំងខាងការទូត នយោបាយ យោធា និងសេដ្ឋកិច្ច ខណៈដែលអាមេរិកបំភ្លេចតំបន់នេះចោល និងខណៈដែលចិនបានក្លាយ ជាមហាអំណាចសេដ្ឋកិច្ច ។
ខណៈដែលសហរដ្ឋអាមេរិក បំភ្លេចតំបន់អាស៊ាន គឺប្រទេសមហាអំណាចមួយនេះ បានយកចិត្តទុកដាក់ខ្លាំង ទៅលើបណ្តា ប្រទេសនៅអឺរ៉ុប ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានទំនើបកម្ម ផ្នែកសព្វាវុធជឿនលឿន ។
បណ្តាប្រទេសជាសមាជិក របស់សហភាពអឺរ៉ុប មិនត្រឹមតែមានកំណើនសេដ្ឋកិច្ច លូតលាស់ខ្លាំងទេ តំបន់នេះក៏ដើរតាមគន្លង គោលនយោបាយ ការគោរពសិទ្ធមនុស្ស កាន់លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និងកិច្ចការអន្តរជាតិ ប្រហាក់ប្រហែលនឹងអាមេរិកដែរ ។
ប៉ុន្តែក្នុងរយៈពេលជាង២ ទសវត្សរ៍ចុងក្រោយនេះ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន មានកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានសន្តិសុខល្អដោយមានការគាំទ្រ និងជួយទំនុកបម្រុងស្ទើរ គ្រប់វិស័យពីប្រទេសចិន ។
ដោយសម្លឹងឃើញប្រទេសចិន មានឥទ្ធិពលខ្លាំង លើអាស៊ាន ទាំងខាងការទូត យោធា នយោបាយ និងសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ចាប់ផ្តើមប្រើយុទ្ធសាស្ត្រ លួងលោមមេដឹកនាំ របស់បណ្តាប្រទេសនៅតំបន់ អាស៊ានវិញ ។
ជាឧទ្ទាហរណ៍ កាលពីចុងសប្តាហ៍មុន ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានអញ្ជើញលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសឥណ្ឌូនេស៊ី និងជាអតីតឧត្តមសេនីយ៍ខាងយោធា របស់អតីតមេដឹកនាំប្រទេសឥណ្ឌូនេស៊ី ស៊ូហាតូ អោយធ្វើដំណើរទស្សនកិច្ច ទៅកាន់អាមេរិក ។
សូមបញ្ជាក់ជូនថា លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បានជាប់បម្រាមសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០០កន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ ដែលមិនអាចសុំទិដ្ឋាការ ក្នុងការធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកបានទេ ។
មេដឹកនាំរបស់សហរដ្ឋអាមេរិក បានសម្រេចចិត្តមិនទទួលស្វាគមន៍ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ នៅលើទឹកដីរបស់ខ្លួន គឺដោយសារមេទ័ព ឥណ្ឌូនេស៊ីរូបនេះ បានចាប់ចាប់ជំរិតសកម្មជន ប្រជាធិបតេយ្យជាច្រើនរូប ក្នុងសម័យដឹកនាំផ្តាច់ការ ស៊ូហាតូ និងក្រុមសកម្មជនប្រជាធិបតេយ្យ ភាគច្រើនបានបាត់ខ្លួន រហូតមកទល់នឹងសព្វថ្ងៃ ។
ជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ជាមួយឥទ្ធិពល របស់ប្រទេសចិន គឺប្រទេសមហាអំណាចមួយនេះ បានសម្រេចចិត្តដកបម្រាមប្រឆាំងនឹង លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ចេញ និងបានអញ្ជើញរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីរូបនេះ អោយទៅបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែតុលាខាងមុខ ។
មេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបានអញ្ជើញ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី អោយទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ គឺដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការទូទៅរវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូនេស៊ី ។
ពាក់ព័ន្ធនឹងការអញ្ជើញ របស់សហរដ្ឋអាមេរិកនេះ ស្ថានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយ ទាំងអស់ជុំវិញសំណុំរឿងនេះ ដោយសំអាងថាជារឿង សម្ងាត់ជាតិស្តីពីទិដ្ឋាការ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ សហរដ្ឋអាមេរិកប្រើយុទ្ធសាស្ត្រលួងលោម បណ្តាប្រទេសជាសមាជិកអាស៊ាន គឺដោយសារប្រទេសចិន បានប្រើឥទ្ធិពលការទូត នយោបាយ និងសេដ្ឋកិច្ចលើតំបន់នេះ យ៉ាងរឹងមាំរួចជាស្រេចទៅហើយ ក្រោយពីអាមេរិកបំភ្លេចចោល ។
ឥទ្ធិពលរបស់ប្រទេសចិន កំពុងកាត់បន្ថយឥទ្ធិពល របស់សហរដ្ឋអាមេរិកក្នុងតំបន់ ទាំងខាងការទូត នយោបាយ យោធា និងសេដ្ឋកិច្ច ដែលធ្វើអោយឥទ្ធិពលអាមេរិក បានចុះខ្សោយឥទ្ធិពលជាបន្តបន្ទាប់ រហូតដល់ប្រទេសខ្លះ មិនស្តាប់អាមេរិកថែមទៀត ដែលមូលហេតុនេះហើយ ទើបមេដឹកនាំអាមេរិក បានងាកមកចាប់អារម្មណ៍នឹងអាស៊ានវិញ ដោយលួងលោម និងបន្ធូរបន្ថយគ្រប់បែបយ៉ាង ប៉ុន្តែវាហាក់ដូចជាហួសពេលបន្តិចហើយសម្រាប់ប្រទេស មហាអំណាចមួយនេះ ខណៈដែលចិនកំពុងឡើងចាង ៕
ដោយ៖ អ៊ី ជិន