ព័ត៌មានជាតិ

កម្ពុជាស្នើរុស្ស៊ី រៀបចំឲ្យមាន កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលពីថ្ងៃទី១លខែតុលា ឆ្នាំ២០២០តាមរយៈលោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលរុស្ស៊ី ជួយធ្វើយ៉ាងណាជំរុញ ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជានិងសហព័ន្ធនេះ។

ការស្នើនេះធ្វើឡើង នៅក្នុងជំនួនពិភាក្សាការងារ រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១២ខែតុលា ឆ្នាំ២០២០។

នៅក្នុងជំនួបនោះផងដែរ លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកអំពីពេលដែលលោកធ្វើជា ឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងម៉ូស្គូ អស់រយៈពេលជាង៧ឆ្នាំ លោកបានដឹងច្បាស់ថា រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី បានជួយប្រជាជនកម្ពុជា យ៉ាងធំធេងលើគ្រប់វិស័យ ក្រោយថ្ងៃរំដោះពី របបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលពេលនោះប្រជាជនយើង រាប់លាននាក់កំពុងជួបនឹងគ្រោះ ទុរ្ភិក្សអត់បាយ និងដើម្បីកសាងប្រទេសយើងឡើងវិញ នៅពេលនោះរដ្ឋាភិបាលរុស្ស៊ី ក៏បានផ្ដល់អាហារូបករណ៍ ឲ្យនិស្សិតកម្ពុជា រាប់ពាន់នាក់ បានទៅសិក្សានៅម៉ូស្គូ ហើយសព្វថ្ងៃអ្នកទាំងនោះ បានក្លាយទៅជាថ្នាក់ដឹកនាំ របស់កម្ពុជា ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការ ។ល។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ឆ្នាំ២០២១ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជានិងសហព័ន្ធរុស្ស៊ី លោកឧបនាយករដ្ឋមន្រ្តី យល់ថា យើងគួររៀបចំខួបនេះ ឲ្យបានល្អស្រប នឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។សព្វថ្ងៃយើង មានគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស កម្ពុជា-រុស្ស៊ី (IGC) ដូចនេះគួរធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែមានលក្ខណៈធំធេង ថែមទៀតរួម ទាំងពាណិជ្ជកម្ម និង ការវិនិយោគ។

ក្នុងន័យនេះ លោកឧបនាយរដ្ឋមន្ត្រី បានស្នើថា គួរអោយមានកិច្ចប្រជុំគណៈកម្មការនេះ តាម Online ដើម្បីជម្រុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងពេលដែលCovid-19 មិនអាចអោយមានការប្រជុំផ្ទាល់បាន។ ម្យ៉ាងទៀត លោកឧបនាយរដ្ឋមន្ត្រី ក៏បានជម្រាប លោកអគ្គរដ្ឋទូត ថាសព្វថ្ងៃកម្ពុជាមិនទាន់បើក អោយទេសចរបរទេស ក៏ប៉ុន្ដែយើងបើក អោយធុរជនបរទេស អាចមកកម្ពុជាបាន ដើម្បីជម្រុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ដោយសហព័ន្ធរុស្ស៊ីបានបង្កើត សហព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ី-អឺរ៉ុប (Eurasian Economic Union) លោកឧបនាយករដ្ឋមន្រ្តី បានស្នើលោកឯកអគ្គរដ្ឋទូត ជួយធ្វើយ៉ាងណាជួយជំរុញ ឲ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជានិងសហព័ន្ធនេះ ដើម្បីកម្ពុជាអាចនាំចេញ ផលិតផលកសិកម្ម និងឧស្សាហកម្មកម្ពុជា ក៏ដូចជាពាណិជ្ជកម្ម ជាមួយសហព័ន្ធនេះ ដែលមានប្រទេសសមាជិក នៅអាស៊ីចំនួន៤ និងសហព័ន្ធរុស្ស៊ី។
ម្យ៉ាងវិញទៀត ដោយសហព័ន្ធរុស្ស៊ី នៅឆ្នាំ២០២០ ជាប្រធានអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ(SCO) ដែលមានប្រទេសសមាជិក នៅអាស៊ីចំនួន ៧និងសហព័ន្ធរុស្ស៊ី។ លោកឧបនាយករដ្ឋមន្រ្តីស្នើទៅ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ជួយធ្វើយ៉ាងណាឲ្យ កម្ពុជាបានក្លាយជា ប្រទេសសង្កេតការណ៍ និងទៅអនាគតជាសមាជិក។

ចំពោះបំណុលរបស់កម្ពុជា ដែលរុស្ស៊ីបានជួយក្រោយពីកម្ពុជា បានរួចផុតពី របបប្រល័យពូជសាសន៍ខ្មែរក្រហម កន្លងមក លោកលោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា មានការពិភាក្សាយូរឆ្នាំ និងច្រើនលើកមកហើយ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នឹងស្ថាប័នពាក់ព័ន្ធរុស្ស៊ី តែពុំទាន់បានសម្រេច លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិតបំណុលនេះ គឺជួយគ្រោះអត់ឃ្លាន របស់ប្រជាជនកម្ពុជា ក្រោយពីការដួលរលំ របបខ្មែរក្រហម និងការកសាងកម្ពុជាឡើងវិញ ខុសពីបំណុលរបស់ប្រទេសមួយទៀត ដែលនាំសង្រ្គាមមកកម្ពុជា រហូតឲ្យមានរបបខ្មែរក្រហម។ លោកលោកឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការដោះស្រាយ ឈរលើមូលដ្ឋានមិត្តភាព ជិតស្និទ្ធដ៏យូរលង់មកហើយ និងការយោគយល់គ្នា រវាងរដ្ឋាភិបាលនិងប្រជាជនយើងទាំងពីរ។

ជាការឆ្លើយតបលោកអគ្គរដ្ឋទូតរុស្ស៊ី បានលើកថា លោកមានការសប្បាយរីករាយ យ៉ាងក្រៃលែងដែល បានលោកឧបនាយករដ្ឋមន្រ្តី ជាមិត្តដ៏ជិតស្និទ្ធ ដែលបានពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកម្ពុជា- រុស្ស៊ី ឲ្យរឹងមាំក្នុងពេលដែល លោកឧបនាយករដ្ឋមន្រ្តី ធ្វើជាឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងម៉ូស្គូ។លោកឧបនាយករដ្ឋមន្រ្តី គឺជាសាក្សីប្រវត្តិសាស្រ្ត ដែលមើលឃើញ ការអភិវឌ្ឍបច្ចុប្បន្ន របស់កម្ពុជាគួរឲ្យកត់សំគាល់។

លោកសូមវាយតម្លៃខ្ពស់ ចំពោះតួនាទីលោកឧបនាយករដ្ឋមន្រ្តី ដែលកន្លងមកជា ប្រធានគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស កម្ពុជា-រុស្ស៊ី (IGC) និងជាអ្នកបង្កើត គណៈកម្មការនេះ។ លោកទូតសន្យាថានឹងខិតខំជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-រុស្ស៊ី ថែមទៀតទោះបី ជាក្នុងពេលបច្ចុប្បន្ន នៅមានកំរិតទាបក៏ដោយ។

ឆ្លើយតបនឹងសំណូមពររបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងលោកទូតបានសន្យាថា នឹងរាយការណ៍ទៅម៉ូស្គូ អំពីសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី សុំឲ្យរុស្ស៊ីជួយធ្វើយ៉ាងណាជំរុញ ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជានិងសហព័ន្ធនេះ ដើម្បីកម្ពុជាអាចនាំចេញ ផលិតផលកសិកម្ម និងឧស្សាហកម្មកម្ពុជា ក៏ដូចជាពាណិជ្ជកម្ម ជាមួយសហព័ន្ធនេះ។

លោកទូតបានសន្យាថា នឹងរៀបចំឲ្យមានកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលនេះ តាមប្រព័ន្ធ online ដើម្បីជាការឆ្លើយតប នឹងសំណើខាងលើរបស់ លោកឧបនាយករដ្ឋមន្រ្តី។ ទន្ទឹមនិងនេះលោកក៏បានសន្យាថា នឹងរាយការណ៍ទៅម៉ូស្គូ សុំឲ្យរុស្ស៊ីជួយឲ្យកម្ពុជា កា្លយជាប្រទេសអ្នកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តការ សៀងហៃ(SCO) ។

ទន្ទឹមនិងនេះ លោកទូតសូមសំដែងការកោតសរសើរដល់ សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន ដែលបានដឹកនាំ ដោយផ្ទាល់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ Covid-19 នៅកម្ពុជា បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធិភាព ៕

To Top