ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងយូនីសេហ្វ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានរួមគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីវាយតម្លៃពីវឌ្ឍនភាពរបស់សាលារៀននៅកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
គណៈប្រតិភូបានទទួលស្វាគមន៍ពីសំណាក់ ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងបុគ្គលិកសិក្សានៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងបី ក្នុងការការពារសិទ្ធិទទួលបានការអប់រំរបស់កុមារ បើទោះជាមានបញ្ហាប្រឈមថ្មីៗដ៏សែនពិបាក បង្កដោយវិបត្តិសកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំងបី បាបបញ្ជាក់ថា សហភាពអឺរ៉ុប បានផ្ដល់ថវិកាចំនួន២លានអឺរ៉ូ ដល់ដំណើរការបើកសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព និងការបន្តផ្ដល់សេវាអប់រំដល់កុមារ ដែលជាផ្នែកមួយ នៃការគាំទ្រក្នុងការឆ្លើយតប និងការស្ដារឡើងវិញពីជំងឺកុវីដ១៩ ។ តាមរយៈការគាំទ្រនេះ យុទ្ធនាការត្រឡប់ចូលរៀនវិញ នៅទូទាំងប្រទេសត្រូវ បានអនុវត្តដោយក្រសួង អប់រំ យុវជន និងកីឡា និងយូនីសេហ្វ ដើម្បីផ្ដល់ការណែនាំដល់កុមារ មាតាបិតា លោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលារៀន អំពីរបៀបធ្វើឱ្យសាលារៀន មានសុវត្ថិភាពបំផុត និងកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ១៩ ។ យុទ្ធនាការនេះនឹងបន្តរហូតដល់ឆ្នាំ២០២១ និងអាចពង្រីកវិសាលភាពបន្ថែមទៀត ដើម្បីបញ្ចូលព័ត៌មានដ៏មានតម្លៃ និងផ្ដល់ការលើកទឹកចិត្តផ្សេងៗ មិនត្រឹមតែដើម្បីធ្វើឱ្យសាលារៀន មានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវបរិយាកាសដ៏ល្អប្រសើរ និងផ្ដល់ការគាំទ្រដល់កុមារ ដើម្បីឱ្យពួកគេអាចរៀនសូត្របានចេះដឹង និងរីកចម្រើនផងដែរ ។
លើសពីនេះ សម្ភារអនាម័យសំខាន់ៗ ក៏ត្រូវបានចែកជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាទាំង ១១.៥០០កន្លែងនៅទូទាំងប្រទេស។ ការរួមចំណែករបស់សហភាពអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈ មូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍ សមត្ថភាពវិសយ័អប់រំ (CDPF) ដែលជាមូលនិធិទទួលបានថវិកាគាំទ្រ ពីអ្នកផ្ដល់ជំនួយជាច្រើន និងគ្រប់គ្រងដោយយូនីសេហ្វ ព្រមទាំងមានការបំពេញបន្ថែមពីដៃគូ CDPF ដទៃទៀត ដូចជាប្រទេសស៊ុយអែត ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងភាពជាដៃគូសកលសម្រាប់ការអប់រំ។ ដៃគូទាំងនេះកំពុងរួមចំណែកផ្ដល់សម្ភារអនាម័យដល់សាលាមធ្យមសិក្សាទាំង ១.៧៧១ កន្លែងក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖“យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភបន្ថែមពីសហភាពអឺរ៉ុបដល់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេស ក្នុងពេលដ៏សែនពិបាកនេះ ។ ការគាំទ្រនេះនឹងជួយឱ្យយើងធានាថា កុមារនៅតែអាចបន្តទទួលឱកាសរៀនសូត្រ បើទោះជាកំពុងប្រឈម នឹងបញ្ហាលំបាកៗ ដែលបង្កឡើងដោយសារជំងឺកូវីដ១៩ក៏ដោយ ។ ជំនួយគាំទ្រសម្រាប់ការបើកទ្វារសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាពពីសហភាពអឺរ៉ុប និងដៃគូ CDPF ដទៃទៀត នឹងធ្វើឱ្យសហគមន៍មានទំនុកចិត្តថា សិស្សានុសិស្សដែលជាកូនចៅ របស់ពួកគាត់នឹងអាចវិល ត្រឡប់ទៅសាលារៀនវិញ ក្នុងបរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព និងមានការគាំទ្រ”។
សហភាពអឺរ៉ុប ក៏កំពុងធ្វើការងារជាមួយយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកកម្មវិធីអាហារូបករណ៍ នៅទូទាំងប្រទេសផងដែរ ដែលកម្មវិធីនេះ គឺជាសសរស្ដម្ភមួយ ដ៏សំខាន់នៃប្រព័ន្ធគាំពារសង្គម របស់កម្ពុជា ។ កម្មវិធីនេះមានសារសំខាន់ ក្នុងការជំរុញឱ្យមានការគោរព នូវសិទ្ធិទទួលបានការអប់រំរបស់កុមារ ដែលជួបការលំបាកជាងគេ ពោលគឺកុមារដែលប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែផលប៉ះពាល់សង្គមសេដ្ឋកិច្ចបង្កដោយជំងឺកូវីដ១៩ មកលើក្រុមគ្រួសាររបស់ពួកគេ។
នៅក្នុងពិធីនេះតំណាងស្ថាប័នទាំងបី ក៏បានជួបជាមួយនឹងសិស្សអាហារូបករណ៍ ព្រមទាំងនាយក នាយិកាសាលារៀន ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ។ គណៈប្រតិភូក៏បានស្វែងយល់បន្ថែមទៀត អំពីអត្ថប្រយោជន៍ ដែលកម្មវិធីអាហារូបករណ៍ ផ្ដល់ដល់សិស្សានុសិស្ស និងលទ្ធផលវិជ្ជមានចេញពីការប្រើប្រាស់សម្ភារអនាម័យ និងការផ្សព្វផ្សាយសារសុវត្ថិភាពពីជំងឺកូវីដ១៩ នៅសាលារៀនផងដែរ ។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ”ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន និងជាសសរគ្រឹះមួយសម្រាប់ការអភិវឌ្ឍ របស់ប្រទេសកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺកូវីដ១៩ កំពុងបង្អាក់នូវការទទួលបាន ឱកាសអប់រំរបស់កុមារ ហើយកត្តានេះអាចក្លាយ ជាឧបសគ្គសម្រាប់ការស្តារទ្បើងវិញ នាពេលអនាគត របស់យើង ។ អស់រយៈពេលជាង១៥ឆ្នាំមកហើយ សហភាពអឺរ៉ុបគឺជាដៃគូដ៏រឹងមាំ របស់ក្រសួងអប់រំ យុវជន និងកីទ្បា ហើយយើងមានមោទនភាព ក្នុងការគាំទ្រយុទ្ធនាការ របស់ក្រសួងដើម្បីបើកសាលារៀនទ្បើងវិញ ប្រកបដោយសុវត្ថិភាព នៅទូទាំងប្រទេស។ ជាផ្នែកនៃការគាំទ្ររបស់យើងឆ្លើយតបនឹងជំងឺកូវីដ១៩ និងកម្មវិធីស្តារទ្បើងវិញ យើងនឹងចូលរួមចំណែកបង្កើនចំនួនអាហារូបករណ៍សម្រាប់កុមារ និងគ្រួសារងាយរងគ្រោះជាងគេ ដែលទទួលរងប៉ះពាល់ខ្លាំងពីវិបត្តិនេះ។”
ជំងឺកូវីដ១៩ ដំបូងបង្កជាវិបត្តិដល់វិស័យសុខាភិបាល ប៉ុន្តែបច្ចុប្បន្ននេះវាក៏បណ្ដាល ឱ្យមានវិបត្តិដល់វិស័យអប់រំ ដែលកំពុងបង្កការរំខានដល់ការសិក្សារបស់កុមារជាច្រើនលាននាក់។
ចាប់តាំងពីដំណាក់កាលដំបូងៗ នៃជំងឺរាតត្បាតជាសកលនេះកើតមានឡើង យូនីសេហ្វបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យកុមារអាចបន្តការរៀនសូត្ររបស់ពួកគេបាន បើទោះជាសាលារៀនត្រូវបិទទ្វារយ៉ាងណាក៏ដោយ និងបានត្រៀមលក្ខណៈដើម្បីបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅគ្រប់វិបត្តិទាំងអស់សុទ្ធតែមានកាលានុវត្តភាពសម្រាប់យើងគិតសាជាថ្មី និងស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរជាងមុន ។
វាមានសារសំខាន់ណាស់ ដែលវិធានការឆ្លើយតបចំពោះជំងឺកូវីដ១៩ បានក្លាយជាកតាលីករសម្រាប់បើកដំណើរការសាលារៀនឡើងវិញឱ្យរឹតតែប្រសើរជាងមុន ដើម្បីធ្វើឱ្យសាលារៀនក្លាយជាកន្លែងដែលមានបរិយាបន្ន និងមានភាពធន់។ គោលដៅនេះអាចសម្រេ ចទៅបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា”៕