ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបញ្ឆេះឲ្យយុវជនស្អប់ ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ ដែល បានឆ្លងកាត់ភាពល្វីងជូរចត់ និងជិតផុតពូជសាសន៍។
ក្នុងសេចក្ដីថ្លែងការណ៍របស់ គ.ជ.ប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ បានប្រព្រឹត្តទៅយ៉ាងរលូនល្អ។
ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានកត់សម្គាល់ឃើញថា មានគណបក្សនយោបាយមួយ ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួន បានធ្វើសកម្មភាពតាមរយៈភ្នាក់ងាររបស់ខ្លួន និងតាមបណ្ដាញសង្គម ដោយធ្វើការវាយប្រហារមកលើស្ថាប័ន គ.ជ.ប និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងគោលបំណងបញ្ឆេះ យុវជនឲ្យស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯង។
គ.ជ.ប គឺជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញា និងកើតចេញពីការបោះឆ្នោយផ្ដល់សេចក្ដីទុកចិត្តពីរ ដ្ឋសភា ដែលជាស្ថាប័នតំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
គ.ជ.បគឺជាអង្គការមានសមត្ថកិច្ច រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេង ទៀតតាមការកំណត់នៃច្បាប់។
គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្ស ដូចមាន ចែងក្នុងមាត្រា ១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ។ បន្ថែមលើនេះទៀត មាត្រា ៣ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប បានចែងថា សមាជិកទាំងឡាយនៃ គ.ជ.ប និងសមាជិកនៃ គណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀង ក្នុងការអនុវត្ត ការងារបោះឆ្នោត។
ដោយ គ.ជ.ប បានគោរពយ៉ាងខ្ជាប់ខ្ជួននូវ បណ្តាគោលការណ៍ច្បាប់ទាំងអស់នេះហើយ ទើបការបោះ ឆ្នោតសកលទាំង ២លើក ចុងក្រោយឆ្នាំ២០១៧ និងឆ្នាំ២០១៨ គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ ទាំងអន្តរ ជាតិ សុទ្ធតែវាយតម្លៃថា អាចទទួលយកបាន ពោលគឺគ្មានភាគីណាមួយដែលបានចូលរួម ក្នុងការបោះ ឆ្នោត ហើយមិនទទួលស្គាល់ ការបោះឆ្នោតទាំងនោះទេ។ តើទាំងនេះក្នុងនាមជាខ្មែរ ដែលអាចធ្វើបាន មិនគួរឲ្យមានមោទកភាពជាតិទេឬ?
គ.ជ.ប បន្ថែមថា ការបោះឆ្នោតមួយអាចប្រព្រឹត្ត ទៅដោយរលូនល្អ និងជោគជ័យបាន ក៏អាស្រ័យដោយ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះ គណបក្សនយោបាយ ក៏ជាភាគីពាក់ព័ន្ធសំខាន់មួយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំង១១ នៃការបោះឆ្នោត។ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងលើក កម្ពស់ការយល់ដឹងរបស់ គណបក្សនយោបាយ អំពីសិទ្ធិ និងកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។
គ.ជ.ប បញ្ជាក់ថា «ការបញ្ឆេះឲ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ សម្រាប់ជាតិសាសន៍ខ្មែរ ដែលបានឆ្លងកាត់ភាពល្វីងជូរចត់ ជិតផុតពូជសាសន៍ ដែលក្នុងប្រវត្តិសង្គមមនុស្សជាតិ គ្មានប្រទេសជាតិណាមួយដូចនោះទេ។ ខ្មែរធ្លាប់មានអារ្យធម៌ ពូជពង្សខ្ពង់ខ្ពស់ ថ្លៃថ្នូរ កសាងបានអរិយធម៌ដល់កំពូល ដែលបរទេសកោតស្ញប់ស្ញែងគ្រប់ទិសទី ពុំមែនកសាងបានដោយ មានសុទ្ធតែមនុស្សស្អប់ខ្ពើម ជាតិសាសន៍ខ្លួនឯងដល់ឆ្អឹងនោះទេ»។
គ.ជ.ប ក៏បានអំពាវនាវចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនគួរប្រកាន់ យកឥរិយាបថសទ្ធាចរិត (ចិត្តមានប្រាជ្ញា គោលការណ៍ ព្យាយាមជំរុញខ្លួនឯង និងអ្នកដទៃ) លះបង់វិតក្កចរិត (ចិត្តដែលកង្វល់ ច្របូកច្របល់ និងស្មុគស្មាញ) ព្រោះបុគ្គលដែលមានវិតក្កចរិត មិនដែលមានអនាគតល្អ និងជោគជ័យក្នុងជីវិតនោះទេ។ គ.ជ.ប ថា មានតែការនាំគ្នាគោរពច្បាប់ទេ ទើបប្រទេសជាតិបន្តរក្សាបានសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បន្តទៅមុខទៀត។
គោលដៅចម្បងបំផុតរបស់ គ.ជ.ប គឺបម្រើប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងពោលគឺ ប្រជាពលរដ្ឋគ្រប់រូបឲ្យតែដល់អាយុបោះឆ្នោត ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឈ្មោះក្នុងបញ្ជីនោះត្រូវតែ ត្រឹមត្រូវអាចបោះឆ្នោតបាន ហើយនៅពេលបោះឆ្នោតគ្មានការគំរាមកំហែង ពិសេសសំឡេងឆ្នោតគ្រប់គ្នាត្រូវតែ បានរាប់យ៉ាងត្រឹមត្រូវតាមឆន្ទៈ ដែលប្រជាពលរដ្ឋបានសម្តែង ៕
ដោយ៖ អេង ប៊ូឆេង