ព័ត៌មានជាតិ

សែលកាត បានចាប់ផ្តើម កម្មវិធីបរិច្ចាគ ថវិកា ដើម្បីជួយ ជនរងគ្រោះ ដោយសារទឹកជំនន់ តាមរយៈគម្រោង ផលិតបទចម្រៀង ដ៏ធំបំផុតរបស់ខ្លួន

ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើម កម្មវិធីបរិច្ចាគថវិកា ដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅ តាមតំបន់ ដែលរងផលប៉ះពាល់ ដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពល ដល់អាយុជីវិត និងជីវភាពរស់នៅ របស់ពលរដ្ឋខ្មែរ នៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។

កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមាន ការចាប់ផ្តើមគម្រោង ប្រចាំឆ្នាំដ៏ធំបំផុតមួយ របស់សែលកាត ដែលជាគម្រោងផលិត បទចម្រៀងមិនចំឡងគេ ក្រោមការសហការ រវាងក្រុមហ៊ុន សែលកាត ជាមួយនឹង SongKites និងតារាឆ្នើមៗ កំពុងពេញនិយម ទាំង ៨ដួងទៀត នៅកម្ពុជាផងដែរ។ បទចម្រៀងនេះ ត្រូវបាននិពន្ធឡើង ដើម្បីជាការបង្ហាញ និងកោតសរសើរ ដល់ភាពខ្លាំង និងភាពរឹងមាំ របស់ប្រជាជនខ្មែរ។ ដើមឡើយ ដោយមានបំណង ដើម្បីជាការជម្រុញទឹកចិត្ត និងការអបអរ ភាពប្រសើឡើងវិញ ពីជម្ងឺរាតត្បាត កូវីដ-១៩របស់កម្ពុជា គម្រោងនេះ នឹងត្រូវបានផ្តើម ដាក់ឱ្យដំណើរការ មុនការគ្រោងទុក ជាមួយគោលបំណង ដើម្បីផ្សព្វផ្សាយ នូវភាពវិជ្ជមាន និងជួយដល់ ជនរងគ្រោះដោយសារ ទឹកជំនន់តាមរយៈ កម្មវិធីបរិច្ចាគថវិកា នៅក្នុងគ្រា ដ៏លំបាកនេះ។

បទចម្រៀង ដែលមានចំណងជើងថា “ពិភពលោកយើងតែមួយ” នេះ គឺជាការបង្ហើរ សំនៀងរួមគ្នា រវាងព្រះនាងតូច នរោត្ដម ជេនណា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា មាស សុខសោភា លោក ខាន់ ជែមស៍ លោក ហេង ពិទូ អ្នកនាង ខាត់ សុឃីម លោក ចេន និងកញ្ញា អ៊ីវ៉ា។ បទចម្រៀងនេះ នឹងមានដាក់ជូន សម្រាប់ដោនឡូត នៅក្នុងកម្មវិធី Calltunes របស់សែលកាត ក្នុងតម្លៃ ២០សេន ខណៈបទចម្រៀង ជាវីដេអូ ដែលមានគុណភាពខ្ពស់ នឹងមានផ្តល់ជូន នៅក្នុងកម្មវិធី Cellcard Music Streaming ក្នុងតម្លៃ ៥ សេន/ថ្ងៃ។

រាល់ថវិកាទាំងអស់ ដែលបានមកពីការដោនឡូដ បទចម្រៀងនៅក្នុង Calltune និងការភ្ជាប់ សេវាកម្ម Music Streaming ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ៣១ ខែតុលា នឹងត្រូវយកទៅបរិច្ចាគ ជូនដល់កាកបាទក្រហម ដើម្បីជួយគាំទ្រ ដល់ការឆ្លើយតប ជាបន្ទាន់របស់អង្គការនេះ ក្នុងការជួយសង្គ្រោះ ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលកំពុងភៀសខ្លួន ដោយសារគ្រោះទឹកជំនន់។ ថវិកាបរិច្ចាគនេះ នឹងជួយគាំទ្រ ដល់ការផ្តល់ស្បៀងអាហារ ទីជម្រក និងទឹកស្អាត ដល់ជនរងគ្រោះ ក៏ដូចជាបុគ្គលិកស្ម័គ្រចិត្ត របស់កាកបាទក្រហម ដែលកំពុងចូលរួម ក្នុងការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្រុមការងាររបស់សែលកាត និងបុគ្គលិកទាំងអស់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្ហាញនូវក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព និងសុខុមាលភាព របស់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់។

“យើងកំពុងរួបរួមសាមគ្គីគ្នា ដើម្បីបើកយុទ្ធនាការ រៃអង្គាសថវិកាបន្ទាន់ ក៏ដូចជាធានា ឱ្យបានថារាល់ប្រតិបត្តិការ និងសេវាកម្មទាំងអស់ របស់យើង ផ្តល់នូវទំនុកចិត្ត ប្រើប្រាស់ខ្ពស់ និងនៅតែដំណើរការ ដើម្បីឱ្យក្រុមគ្រួសារទាំងអស់ អាចប្រាស្រ័យ ទាក់ទងគ្នាបាន”។

“យើងសូមជម្រុញ ឱ្យអ្នកទាំងអស់គ្នា មកចូលរួមជាសាមគ្គីភាព ជាមួយក្រុមហ៊ុន សែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសិល្បករដ៏មាន ទេពកោសល្យ ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការសហការ ផលិតបទចម្រៀងថ្មីនេះ”។

យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត របស់យើងក្នុងការជួយ ដល់អតិថិជន ដែលកំពុង ជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ ក្នុងការប្រឹងប្រែងជួយដល់សហគមន៍ ដែលកំពុងរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ និងជម្ងឺរាតត្បាតផងដែរ។

សម្រាប់ព័ត៌មានលម្អិត បន្ថែម សូមចូលទៅកាន់ ( www.cellcard.com.kh) ឬតេទៅកាន់ 012812812 / 812

To Top